បរទេស៖ក្រសួងការពារជាតិបេឡារុសបាននិយាយថា យន្តហោះទម្លាក់គ្រាប់សមត្ថភាពនុយក្លេអ៊ែរុស្ស៊ី Tu-160 ចំនួនពីរគ្រឿង បានធ្វើការហាត់សមទម្លាក់គ្រាប់បែក នៅក្នុងសមយុទ្ធហ្វឹកហាត់មួយនៅប្រទេសបេឡារុស នាថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានភាពតានតឹងជុំវិញវិបត្តិអន្តោប្រវេសន៍ នៅតាមព្រំដែនប៉ូឡូញនិងបេឡារុស។
នេះគឺជាថ្ងៃទីពីរ ដែលប្រទេសរុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ឲ្យហោះហើរនៅក្នុងដែនអាកាសបេឡារុស ក្នុងដំណើរបង្ហាញការគាំទ្ររបស់ខ្លួន ចំពោះសម្ពន្ធមិត្តដ៏ជិតស្និទ្ធ គឺប្រទេសបេឡារុស ដែលសហភាពអឺរ៉ុបចោទប្រកាន់ ពីបទបង្កើនការវាយប្រហារ តាមរយៈជំរុញឲ្យជនអន្តោប្រវេសន៍ធ្វើដំណើរឆ្លងព្រំដែន ចូលទៅក្នុងប្រទេសប៉ូឡូញ។
គួរបញ្ជាក់ថា នៅថ្ងៃពុធម្សិលមិញនេះ ប្រទេសរុស្ស៊ី បានចោទប្រកាន់សហភាពអឺរ៉ុបពីបទព្យាយាមជាន់កបេឡារុស ជាមួយផែនការបិទផ្នែកនៃព្រំដែន ទន្ទឹមនឹងការបង្ហាញការគាំទ្រចំពោះសម្ពន្ធមិត្តខ្លួន ដោយបញ្ជូនយន្តហោះទម្លាក់គ្រាប់ពីរគ្រឿង ឲ្យហោះល្បាតដែនអាកាសបេឡារុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះទម្លាក់គ្រាប់ទាំងពីរគ្រឿងនោះ បានជួយតេស្តប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសបេឡារុស៕ប្រែសម្រួល៖ប៉ាង កុង