ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក ព្យាយាមធានាជាថ្មី ចំពោះសម្ពន្ធមិត្ត នៅតំបន់មជ្ឈិមបូព៌ា

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាធ្វើការទប់ស្កាត់ ប្រទេសអ៊ីរ៉ង់ មិនឲ្យសម្រេចបានអាវុធនុយក្លេអ៊ែ ស្របពេល ដែលកិច្ចចរចាគ្នានៅតែជាប់គាំង ជុំវិញកិច្ចព្រមព្រៀង អាតូមិករបស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក នៅក្នុងសេចក្តីថ្លែងនានា ដែលហាក់មានគោលដៅធានាជាថ្មីចំពោះសម្ពន្ធមិត្តឈូងសមុទ្រ អារ៉ាប់របស់សហរដ្ឋអាមេរិក ។

ការថ្លែងរបស់រដ្ឋមន្ត្រី ការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំ Manama នៅប្រទេសបារ៉ែន នាថ្ងៃសៅរនេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលរដ្ឋបាលលោក បៃដិន ព្យាយាមស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែ ដែលដាក់កម្រិតលើការចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ជាថ្នូរសម្រាប់ការលើកលែង ទណ្ឌកម្មសេដ្ឋកិច្ច ។

ការថ្លែងរបស់លោកនេះ ក៏ត្រូវបានធ្វើឡើង ក្រោយសហរដ្ឋអាមេរិក ដកកងទ័ពខ្លួនចេញ ពីប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមានក្តីព្រួយបារម្ភ នៅក្នុងចំណោមប្រទេស នៅតំបន់ឈូងសមុទ្រ ស្តីពីការប្តេជ្ញារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់ ស្របពេលដែលមន្ត្រីអាមេរិក និយាយថា ពួកគេចង់ជំរុញកម្លាំង ទប់ទល់នឹងការប្រជែង ពីប្រទេសចិននិងរុស្ស៊ី ។

លោក Lloyd Austin បាននិយាយប្រាប់ព្រឹត្តិការណ៍ដែលរៀបចំឡើង ដោយវិទ្យាស្ថានអន្តរជាតិ ដើម្បីសិក្សាយុទ្ធសាស្ត្រដូច្នេះថា “សហរដ្ឋអាមេរិក នៅតែប្តេជ្ញាចិត្តទប់ស្កាត់ ប្រទេសអ៊ីរ៉ង់ មិនឲ្យសម្រេចបានអាវុធនុយក្លេអ៊ែ ហើយយើងនៅតែប្តេជ្ញា ចំពោះលទ្ធផលការទូត នៃបញ្ហានុយក្លេអ៊ែ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ មិនចង់ចូលរួមដោយម៉ឺងម៉ាត់ទេ បន្ទាប់ពីនោះ យើងនឹងសម្លឹងរកគ្រប់ជម្រើស ចាំបាច់ទាំងអស់ ដើម្បីរក្សាអាមេរិក ឲ្យមានសុវត្ថិភាព”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top