សេដ្ឋកិច្ច​

គណៈរដ្ឋមន្រ្តីជប៉ុនអនុម័តច្បាប់ថ្មី ដើម្បីជួយក្រុមហ៊ុន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យា Drone

តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុនបានអនុម័តសេចក្តីព្រាងច្បាប់មួយ គាំទ្រដល់ក្រុមហ៊ុននានាដើម្បីបង្កើតបណ្តាញទូរស័ព្ទចល័ត 5G ប្រកបដោយសុវត្ថិភាព និងបច្ចេកវិទ្យាដាច់អហង្ការចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមអ្នកធ្វើគោលនយោបាយតូក្យូ អំពីឥទ្ធិពលដែលកំពុងកើនឡើង នៃបច្ចេកវិទ្យា 5G របស់ចិនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ច្បាប់នេះនឹងផ្តល់ឲ្យក្រុមហ៊ុន ដែលអភិវឌ្ឍបច្ចេកវិទ្យាបែបនេះ ទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ពីស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធនឹងរដ្ឋាភិបាល ប្រសិនបើផែនការរបស់ពួកគេបំពេញតាមស្តង់ដារ ស្តីពីសន្តិសុខតាមអ៊ីនធើណេត ។ ក្រុមហ៊ុនដែលប្រើប្រាស់បច្ចេកវិទ្យា 5G ក៏អាចទទួលបានការលើកទឹកចិត្តពន្ធផងដែរ ប្រសិនបើពួកគេបំពេញតាមស្តង់ដារ ដែលបានកំណត់ដោយរដ្ឋាភិបាល ។


រដ្ឋាភិបាលនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅសភាហើយមានគោលបំណងធ្វើឲ្យវា មានប្រសិទ្ធិភាពនៅរដូវក្តៅ ។ សហរដ្ឋអាមេរិកបាននឹងកំពុងធ្វើយុទ្ធនាការ ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលក្រុងវ៉ាស៊ីនតោនបានព្រមានថា អាចតាមដានអតិថិជនសម្រាប់ទីក្រុងប៉េកាំង ។

ក្រុមហ៊ុន Huawei បានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងទាំងនោះ ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរួមទាំងអូស្រ្តាលី បានបិទក្រុមហ៊ុន Huawei ចេញពីផែនការបញ្ចូល 5G ខណៈ ប្រទេសផ្សេងទៀតរួមទាំងចក្រភពអង់គ្លេស បានអនុញ្ញាតឲ្យវាមានកម្រិត ។

កាលពីខែធ្នូកន្លងទៅប្រទេសជប៉ុនបានដាក់ចេញនូវវិធានពន្ធ ដែលមានគោលបំណងលើកទឹកចិត្តក្រុមហ៊ុននានា ឱ្យចំណាយប្រាក់ជាសាច់ប្រាក់របស់ពួកគេ លើការចាប់ផ្តើមនិងការវិនិយោគដទៃទៀត និងជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ខណៈពេលដែលជួយដល់ក្រុមហ៊ុន ដើម្បីប្រកួតប្រជែងជាមួយនឹងការរីកចម្រើនរបស់ចិន នៅក្នុងបច្ចេកវិទ្យា 5G ៕ ដោយ៖លី ភីលីព

Most Popular

To Top