សេដ្ឋកិច្ច​

តើការទិញដីឡូតិ៍ ប្រភេទលំនៅឋាន ទុកចោលជាប់ពន្ធដែរទេ?

ភ្នំពេញៈ ឆ្លើយតបទៅនឹងចម្ងល់របស់ពលរដ្ឋ ដែលបានទិញដីឡូតិ៍ ប្រភេទលំនៅឋានទុកចោល ដោយមិនបានរស់នៅ ឬមិនមានការអភិវឌ្ឍន៍ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ត្រូវបានមន្ត្រីជាន់ខ្ពស់នៃអគ្គនាយក ដ្ឋានពន្ធដារកម្ពុជាអះអាងថា បើជាប្រភេទដីដែលជាប់ពន្ធ ត្រូវតែប្រកាសបង់ពន្ធ តែបើមិនជាប់ពន្ធ គឺមិនត្រូវបង់នោះទេ។

លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យកម្ពុជា នៃអគ្គនាយកដ្ឋារ នៅក្នុងកម្មវិធីឆ្លើយសំនួររបស់ពលរដ្ឋស្តីពី “ពន្ធដារកម្ពុជា” កាលពីម្សិលមិញនេះបានពន្យល់ថា ចំពោះការទិញដីឡូត៍ប្រភេទ លំនៅឋានទុកចោលនេះ អាចនឹងជាប់ពន្ធក្នុងកម្មវត្ថុ ទៅលើដីមិនប្រើប្រាស់ ដែលម្ចាស់ដីដែលទិញហើយ មិនមានការអភិវឌ្ឍន៍ ឬការបង្កើ​តកម្លាំងសេដ្ឋកិច្ច។

លោកពន្យល់ថា “រដ្ឋាភិបាលប្រមូលពន្ធលើដីមិនបានប្រើប្រាស់ គឺដើម្បីជំរុញឱ្យម្ចាស់ដីទាំងអស់ ធ្វើការអភិវឌ្ឍន៍ដើម្បីបង្កើនសេដ្ឋកិច្ច និងពលកម្មដល់ពលរដ្ឋ។ ជាពិសេ​សការទិញដីប្រភេទលំនៅឋាននេះ ក៏ជាកម្មវត្ថុនៃការជាប់ពន្ធផងដែរ បើសិនជាតម្លៃអលនទ្រព្យទាំងនោះលើស ១០០លានរៀល”។

យោតាមច្បាប់ពន្ធដារកម្ពុជាបង្ហាញថា ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការ វាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ ត្រូវបង់ដោយកម្មសិទ្ធិករ។

មូលដ្ឋានកំណត់ពន្ធ គឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗ ដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ ដោយគណៈកម្មការវាយតម្លៃដី មិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។

ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធ ដែលបានចែងក្នុងមាត្រា ៣០។

កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ច ត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិត ប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែង ដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ១ច្បាប់ ៕

ប្រភព៖ propertyarea

Most Popular

To Top