សេដ្ឋកិច្ច​

តំបន់​បឹង​តា​មោឃ​កំពុង​ក្លាយទៅជា​បណ្តុំ​អគា​រដ្ឋបាល​ របស់​រាជ​រដ្ឋាភិបាល ​ដែលតំបន់​ជុំវិញ​នឹង​រីកចម្រើន​លឿន

ភ្នំពេញៈ អគារ​រដ្ឋបាល​ជាច្រើន​បាន និង​កំពុង​សម្រុក​ទៅ​បោះទីតាំង នៅ​ម្តុំ​បឹង​តាម​មោឃ​នៃ​ខណ្ឌ​ឬ​ស្សិ​កែវ រាជធានី​ភ្នំពេញ ដែលជា​សញ្ញា​ល្អ​លើ​វិស័យ​អចលនទ្រព្យ និង​លំនៅឋាន​នៅ​តំបន់​នោះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance លោក​ឡុង គឺ​ម​សួគ៌ បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា បច្ចុប្បន្ននេះ​រដ្ឋាភិបាល​កំពុង​រៀបចំ​បែងចែក​តំបន់​អភិ​វ​ឌ្ឋ​ន៍ ខណៈដែល​តំបន់​បឹង​តា​មោគ រហូតដល់​សង្កាត់​ព្រែក​ព្នៅ នៃ​ខណ្ឌ​ឬ​ស្សី​នឹង​ក្លាយជា​តំបន់​អគា​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល។

លោក​ថ្លែងបន្តថា រដ្ឋាភិបាល​កំពុងតែ​បែប​ចែក​តំបន់ នៃ​ទីក្រុង​ភ្នំពេញ​ឱ្យមាន​តំបន់​រោងចក្រ​សហគ្រាស តំបន់​ពាណិជ្ជកម្ម និង​តំបន់​អគារ​រដ្ឋបាល យើង​ឃើញថា​អគារ​រដ្ឋបាល​របស់​ស្ថាប​ន័​រដ្ឋធំៗជាច្រើន បាននិងកំពុង​បោះ​ទៅកាន់​ទីតាំង​តំបន់​បឹង​តា​មោឃ​ឬ​បឹង​កប់​ស្រូវ តែ​យ៉ាងណាក៏ដោយ​នេះ គឺជា​អ្វីដែល​យើង​មើលឃើញ​ប៉ុណ្ណោះ យ៉ាងណា​នោះ​អាស្រ័យ​លើ​រដ្ឋាភិបាល។

លោក​បញ្ជាក់ទៀតថា “រដ្ឋាភិបាល​មាន​ផែនការ​ពង្រីក​ក្រុង​ឱ្យ​កាន់តែ​ធំ ហើយ​តំបន់​នេះ នឹង​ក្លាយទៅជា​ទីក្រុង​ថ្មី​របស់​ទីក្រុង​ភ្នំពេញ ដែល​ពោ​ពេញ​ទៅដោយ​សក្តានុពល​ខ្ពស់ ខណៈ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ននេះ នឹង​ក្លាយជា​ទីក្រុង​ចាស់​នាពេលខាងមុខ” ។

លោក​គីម​សួគ៌ បានបញ្ជាក់​ទៀតថា ជាមួយគ្នានេះ វិស័យ​អចលនទ្រព្យ​តំបន់​នេះ​ក៏​នឹងមាន​សក្តានុពល និង​មានតម្លៃ​កាន់តែ​ខ្ពស់​ថែមទៀត ឆ្លើយតប​ទៅនឹង​ការរីកចំរើន​នេះ។

លោកស្រី​តាំង ហួរ អគ្គនាយិកា​ក្រុមហ៊ុន Amatak Property Service បានឱ្យដឹង​ដែរ​ថា តំបន់​បឹង​តា​មោឃ និង​កប់​ស្រូវ​នាពេល​បច្ចុប្បន្ននេះ កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាងគំហុក ជាពិសេស​តំបន់​នេះ ក៏​នៅជាប់​នឹង​ផ្លូវជាតិ​លេខ ៥ និង​មាន​សក្តានុពល​ខ្ពស់​ផងដែរ។

លោកស្រី​បន្តថា “យើង​មើល​ឃើ​ង​ថា ក្រសួង ស្ថាប័នរដ្ឋ​ជាច្រើន​កំពុង​ទៅកាន់​ទីនោះ​បណ្តើរ មានដូចជា​ក្រសួង​ដែនដី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រ​សួ​អភិវឌ្ឍន៍ជនបទ និង​ស្ថាន​ប័ន​រដ្ឋផ្សេងៗជាច្រើន” ។

ក្រុមការងារ​នៃ​គេហទំព័រ propertyarea.asia បាន​ទាក់ទង​ទៅ​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ តាម​បណ្តាញ​តេ​ឡេ​ក្រាម ដើម្បី​សុំ​ការបំភ្លឺ ប៉ុន្តែ​លោក​មិនបាន​ឆ្លើយ​នោះទេ បើ​ទោះ​បានឃើញ​ហើយក៏​ដោយ។

តែ​យ៉ាងណាក៏ដោយ តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ ត្រូវបាន​អ្នក​អភិវឌ្ឍន៍ និង​អ្នកជំនាញ​បាន​ចាត់ទុកថា ជា​តំបន់​ដែលមាន​ការអភិវឌ្ឍន៍​មួយ របស់​រាជធានី​ភ្នំពេញ និង​ជា​តំបន់ ដែលមាន​សក្តានុពល​ខ្ពស់ ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​យ៉ាងខ្លាំង​ក្លា​ផងដែរ៕ប្រភព៖propertyarea.asia

Most Popular

To Top