សេដ្ឋកិច្ច​ និង អចលនទ្រព្យ

តើ​ប្រភេទ​អចលនវត្ថុ​អ្វីខ្លះ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់ ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន

ភ្នំពេញៈ អចលនវត្ថុ​ដែល​កំពុង​តែមាន​សកម្ម​ភាព និង​ដំណើរការ​ទូទាំងប្រទេស​កម្ពុជា ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​គេ​បែង​ចែកចេញជា ៦ប្រភេទផ្សេងៗគ្នា ដោយ​ក្នុងនោះ ផ្នែកនីមួយៗមាន​តម្រូវការ​ជាកស្ដែង​មិន​ដូចគ្នា​នោះទេ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក​វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន Century21 Fortuna Investment បាន​មានប្រសាសន៍​កាលពី ពេល​កន្លងទៅថ្មីៗនេះ​ថា អចលនវត្ថុ​ដែល​កំពុងមាន​សកម្មភាព នៅលើ​ទីផ្សារ​កម្ពុជា​នាពេល​បច្ចុប្បន្ន ត្រូវបាន​គេ​បែង​ចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយ​សម្រាប់​តម្រូវការ និង​តម្លៃ​ដែល​ត្រូវបាន​ដាក់លក់ ជួល នៅលើ​ទីផ្សារ​ក៏មាន​កម្រិត​ខុសគ្នា​ផងដែរ។

លោក​ពន្យល់ថា អចលនវត្ថុ​ទាំង៦ប្រភេទ ដែល​ត្រូវបាន​បែងចែក​ដូច​ការ លើកឡើង​ខាងលើនេះ​រួមមាន​ដូចជា ទី១ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន​សម្រាប់​ស្នាក់នៅ ទី២ អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន ឬ​ផ្ទះ​អាជីវកម្ម ទី៣ អចលនវត្ថុ​បម្រើ​ផ្នែក​ទីតាំង​ជួល ឬ​លក់រាយ ទី៤ អចលនវត្ថុ​បម្រើ​ផ្នែក​ឧស្សាហកម្ម ទី៥ អចលនវត្ថុ​បម្រើ​ផ្នែក​កសិកម្ម និង​ទី៦ អចលនវត្ថុ​បម្រើ​ផ្នែក​សេវាកម្មផ្សេងៗ ដូចជា​ការិយាល័យ​ជួល និង​ទេសចរណ៍។

អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន​ សម្រាប់​ស្នាក់នៅ

អចលនវត្ថុ​ប្រភេទ​នេះ គឺមាន​តម្រូវការ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ន ហើយនឹង​នៅ​បន្តទៅ​ថ្ងៃ​ខាងមុខ​ទៀត ខណៈដែល​តម្រូវការ​ទីផ្សារ នៅមាន​ក្នុង​កម្រិត​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា។ អចលនវត្ថុ​ប្រភេទ​នេះ រួមមាន​ផ្ទះល្វែង ផ្ទះ​វីឡា ដែល​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី ក៏ដូចជា​ផ្ទះ​សហកម្មសិទ្ធិ ឬ​ជា​ប្រភេទ​ខុន​ដូ។

អចលនវត្ថុ​បម្រើ​ផ្នែក​លំនៅដ្ឋាន​ឬ​ផ្ទះ​អាជីវកម្ម

សម្រាប់​អចលនវត្ថុ​ប្រភេទ​នេះ​គឺមាន​តម្លៃ​ថ្លៃ និង​ច្រើន​ស្ថិត​នៅជាប់​ផ្លូវធំ ជួរមុខ ដែល​ក្រៅពី​សម្រាប់​ស្នាក់នៅ ក៏មាន​ភាពងាយស្រួល ក្នុងការ​ប្រកប​អាជីវកម្មផ្សេងៗ មិនជា​ការ​បើ​ហាង​អាហា​រដ្ឋា​ន ហាង​កាហ្វេ ឬ​ជា​អាជីវកម្ម​ប្រចាំ​គ្រួសារ​ជាច្រើន​ប្រភេទ​ទៀត។

អចលនវត្ថុ​បម្រើ​ផ្នែក​ទីតាំង​ជួល ឬ​លក់រាយ

អចលនវត្ថុ​ប្រភេទ​នេះ គឺ​បម្រើ​ដល់​ការជួល ឬ​ទីតាំង​លក់រាយ​នៅក្នុង Super Market, Mall , Shopping Mall ឬ Mart ជាដើម។

ទី៤ អចលនវត្ថុ​បម្រើ​ផ្នែក​ឧស្សាហកម្ម

សម្រាប់​បម្រើ​ជាទី​តាំង​សាងសង់​រោងចក្រ សហគ្រាស ឃ្លាំង ជាពិសេស​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ស្ថិតនៅក្នុង​វិស័យ​ឧស្សាហកម្ម។

ទី៥ អចលនវត្ថុ​បម្រើ​ផ្នែក​កសិកម្ម

សម្រាប់​បម្រើ​ដល់​ការដាំដុះ ការ​បង្កបង្កើនផល អាច​ប្រភេទ​កសិដ្ឋាន​លក្ខណៈ​គ្រួសារ ឬ​សហគមន៍ ក៏ដូចជា​កសិដ្ឋាន​កម្រិត​ខ្ពស់​សម្រាប់ធ្វើ​ការនាំចេញ។

អចលនវត្ថុ​បម្រើ​ផ្នែក​សេវាកម្មផ្សេងៗ

អចលនវត្ថុ​ប្រភេទ​នេះ រួមមាន​ដូចជា​ការិយាល័យ​ជួល សណ្ឋាគារ​ដែល​បម្រើ​ផ្នែក​បដិសណ្ឋារកិច្ច និង​ទេសចរណ៍ ក៏ដូចជា​តំបន់​អភិវឌ្ឍ​ជា​មជ្ឈមណ្ឌល​កម្សាន្ត​ជាដើម។

គ្រប់​ប្រភេទ​អចលនវត្ថុ​ទាំងអស់ ដូច​បាន​រៀបរាប់​ខាងលើនេះ បច្ចុប្បន្ន​គឺ​សុទ្ធ​តែមាន​សកម្មភាព និង​តម្រូវការ​ទីផ្សារ​ទាំងអស់ ហើយ​មាន​កម្រិត​តម្លៃផ្សេងៗពីគ្នា អាស្រ័យ​ទៅតាម​ទីតាំង និង​ភាព​មាន​តម្រូវ​ការចាំបាច់​ជាក់ស្ដែង៕

ប្រភព៖ propertyarea

Most Popular

To Top