ភ្នំពេញៈ ផ្លូវជាតិសំខាន់ៗចំនួន៣ បាននិងកំពុងបង្កើនមូលដ្ឋាននៃការអភិវឌ្ឍវិស័យសំណង់ លំនោដ្ឋាន បុរី និងតំបន់ឧស្សាហកម្មនានា។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញកាលពីពេលថ្មីៗនេះបានបង្ហាញថា តម្លៃដីបាននិងកំពុងកើនឡើង ក្នុងទីក្រុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។ តម្លៃដីនៅដងផ្លូវ២០០៤ និងវេងស្រេងមានកើនឡើងខ្លាំងពេក សម្រាប់ការសាងសង់រោចចក្រសម្រាប់ជួល។ ដូច្នេះទីតាំងឧស្សាហកម្ម ត្រូវបានផ្លាស់ប្តូរទៅខាងក្រៅក្រុងវិញ។
របាយការណ៍ដដែលបានឱ្យដឹងថា “ទីតាំងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវក្រវ៉ាត់ទី៣ បានក្លាយជាមជ្ឈមណ្ឌល សម្រាប់ការវិនិយោគអចលនទ្រព្យ បែបឧស្សាហកម្ម និងដឹកជញ្ជួន។ ផ្លូវទាំងនេះផ្តល់ការតភ្ជាប់យ៉ាងល្អ ទៅកាន់មជ្ឈមណ្ឌលនាំចេញ និងនាំចូលក្នុងប្រទេស” ។
ជាមួយគ្នានេះដែរ តម្លៃជួលខ្ពស់បំផុតនៅតំបន់សេដ្ឋកិច្ចពិសេស ដែលតម្លៃចាប់ពី ២.៨០ ដុល្លារ ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលទបបំផុតអាចរគជួលបានចាប់១.៨០ ទៅ ២.៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
តម្លៃឃ្លាំងជួល អាចរកជួលបានក្នុងតម្លៃ១.៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលរោចចក្រ ដែលមានគុណភាពលក្ខណៈអន្តរជាតិ អាចរកបានក្នុងតម្លៃ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។
សរុបមក តម្លៃដីនៅទីក្រុងភ្នំពេញ នៅតែមានតម្លៃថេរក្នុងត្រីមាសទី២ ខណៈការទិញលក់ដីធ្លីនៅក្នុងត្រីមាសនេះ មិនសូវមានជាចលនា ដោយសារកង្វះខាតនៃទីទំនេរនៅទីក្រុង។
បច្ចុប្បន្នផ្លូវនេះបាននិងកំពុងពង្រីកសក្តានុពល តាមរយៈការទាក់ទាញការវិនិយោគពីគម្រោងអចលនទ្រព្យជាច្រើនដូចជាបុរី គំរោងលំនៅដ្ឋាន សួនឧស្សាហកម្ម រមណីយដ្ឋានជាដើម ដោយសារតំបន់ទាំងនេះ បានទាក់ទាញមនុស្សចូលទៅរស់នៅកាន់តែច្រើន ពិសេសការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ឋបែបនេះ បាននិងកំពុងគាំទ្រផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាល ក៏ដូចជាពង្រីកការអភិវឌ្ឍក្រុងកាន់តែបានល្អប្រសើរ។ លោកយិន លាងគង់ ទីប្រឹក្សាអ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ឲ្យដឹង។
លោកបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាល គឺបង្ខិតទីជនបទឲ្យកាន់តែមកកៀកទីក្រុង ដើម្បីលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងធ្វើពិពិធកម្មលើការពង្រីកមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបញ្ចៀសលំហូរខ្លាំងពេករបស់ប្រជាជនពីជនបទ មកកាន់ទីក្រុងភ្នំពេញ” ៕ប្រភព៖propertyarea.asia