សេដ្ឋកិច្ច​ និង អចលនទ្រព្យ

សក្តានុពល​ខេត្តពោធិសាត់៖ ផ្លូវ​ត​ភ្ជាប់​ព្រំដែន​ថៃ-កម្ពុជា ​ក្នុងស្រុក​វាលវែង​នឹង​ក្លាយជា ​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត

ពោធិ៍សាត់ៈ គម្រោង​សាងសង់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​រវាង​ភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុ​ម​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ មកកាន់​ច្រកព្រំដែន​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ របស់​ប្រទេស​កម្ពុជា ក្រោម​ការចំណាយ​របស់​ថៃ​ត្រូវបាន​បញ្ចប់ ការសាងសង់​ជា​ស្ថាពរ​ហើយ។

អភិបាលខេត្ត​ពោធិ៍សាត់ លោក​ម៉ៅ ធនិន បាន​មានប្រសាសន៍​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ​ថា ការតភ្ជាប់​ផ្លូវ​មួយ​ខ្សែ​នេះ ជាការ​បង្កើត​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​កម្ពុជា-ថៃ ជាពិសេស​ធ្វើឱ្យ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​សក្តា​នុ​ពេល​សេដ្ឋកិច្ច​ថែម​មួយកម្រិត​ទៀត។

លោក​បាន​ថ្លែងថា “កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រាល​កៅស៊ូ​ប្រភេទ AC មាន​ទឹង១៤ម៉ែត្រ ប្រវែង​ជិត ២០០០ម៉ែត្រ​ចែកចេញជា៤គន្លង” ។

លោក​បន្តថា ការសម្រេច​សាងសង់​កំណាត់​ផ្លូវ​នេះ គឺ​បន្ទាប់ពី​សភា​ថៃ​បានអនុម័ត ក្រោម​កិច្ច​ចុះហត្ថលេខា​របស់លោក​ឆ័​ត្រ​ប្រ​ឆៃ ផន​ម៉ន​ឡឺដ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ ឯកភាព​តាម​សំណើ​របស់​អភិបាលខេត្ត​ត្រាត កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ​ពាក់ព័ន្ធ​ការ​ព​ន្លឿ​ន​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ។

លោក​បាន​ឱ្យដឹងទៀតថា “ការតភ្ជាប់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ការចង់​ឃើញ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង ដើម្បី​បង្កើត​នូវ​ចរន្ត​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា” ។

ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​តំបន់​ដាច់ស្រយាល​មួយ ពី​អតីត​កាលនោះ បាននិងកំពុង​ក្លាយទៅជា​តំបន់ មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម បន្ទាប់ពី​ផ្លូវ​មួយ​ជាតិ​មួយ​ខ្សែ គឺ​ផ្លូវជាតិ​លេខ៥៥ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ឆ្នាំ២០២០កន្លងទៅ។

ស្រុក​នេះ​ក៏​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ មាន​ទឹកជ្រោះ និង​ជួរ​ភ្នំ ខណៈ​ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ជា​តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ។ ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល រវាង​ខេត្តពោធិ៍សាត់​របស់​កម្ពុ​ជា និង​ខេត្ត​ត្រាត របស់​ថៃ តាម​ច្រក​ថ្មដា នឹង​ទាក់ទាញ​កាន់តែខ្លាំង​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ទាំងពីរ។

បច្ចុប្បន្ននេះ​នៅ​ច្រក​ថ្មដា​នេះ នៅ​ខាង​ទឹកដី​កម្ពុជា មានការ​វិនិយោគ​អភិវឌ្ឍ​លំនៅឋាន សណ្ឋាគារ និង​កន្លែង​លំហែកាយ​ជាច្រើន។ ក្រៅតែពី​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ខេត្ត​ទាំងពីរ​តាមរយៈ​ច្រក​ថ្មដា នឹង​បង្ក​ភាពងាយស្រួល ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ៕ប្រភព៖propertyarea.asia

Most Popular

To Top