ភ្នំពេញៈ របាយការណ៍របស់ខេត្ត និងរដ្ឋាភិបាលបានបង្ហាញថា ក្នុងចំណោមខេត្ត ក្រុងទាំង២៥ គេសង្កេតឃើញមានខេត្តចំនួន៥ នៅតែមានសកម្មភាពវិនិយោគ និងដំណើរការក្នុងវិស័យឧស្សាហកម្ម និងគំរោងអភិវឌ្ឍន៍លើវិស័យ អចលនទ្រព្យកាន់់តែច្រើន ។
នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងប្រឈមជាមួយវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺឆ្លង covid-19 ក្រៅពីវិស័យ ទេសចរណ៍ ដែលទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ សម្រាប់វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរនៅកម្ពុជា ពិតជាទទួលរងនូវផលប៉ះពាល់មួយផ្នែកដែរ ប៉ុន្តែនៅក្នុងដំណាក់កាលនេះក៏មានវត្តមានរោងចក្រថ្មីៗទើបបង្កើតឡើង ក្រោយការទទួលបានសេចក្ដីសម្រេចគាំទ្រ ពីរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជិត១០០ក្រុមហ៊ុន ។ នេះបើយោង តាមការបង្ហាញរបស់ CDC កាលពីពេលកន្លងទៅនេះ។
ជាមួយគ្នានេះ តាមរយៈការបង្ហាញនូវរបាយការណ៍ ពីរដ្ឋបាលខេត្តនៅត្រឹមដើមត្រីមាសទី៣ គេកត់សម្គាល់ក្នុងចំនួនខេត្តក្រុងទាំង២៥ ក្នុងនោះមានខេត្តចំនួន៤នៅតែបង្ហាញពីសម្មភាពនៃការវិនិយោគដដែល ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងសំណង់ ដោយខេត្តទាំង៤នេះរួមមាន ៖
ទី១- ខេត្តកំពង់ស្ពឺ
ដោយសារមានទីតាំងជាប់រាជធានីភ្នំពេញ និងមានហេដ្ឋារចនាសម្ព័ន្ឋឆ្លងកាត់ខ្វាត់ខ្វែងច្រើនជាងគេ ខេត្តនេះបានទាក់ទាញគំរោងរោងចក្រ ឧស្សាហកម្ម និងគំរោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗជាច្រើន ទាំងផ្នែកដីឡូត៍ លំនៅដ្ឋានតម្លៃមធ្យម និងគម្រោងងមជ្ឈ មណ្ឌលពាណិជ្ជកម្មនានា។
តាមរបាយការណ៍របស់អាជ្ញាធរខេត្តបានឲ្យដឹងថា ខេត្តនេះមានរោងចក្រកាត់ដេរ សហគ្រាសខ្នាតតូច និងមធ្យមសរុបមានចំនួន២៦១គម្រោង ដោយក្នុងនោះកំពុងតែដំណើរការសង្វាក់ផលិតកម្ម មានចំនួន១៦១ ហើយគម្រោងចំនួន១០០ទៀត កំពុងតែដើរតាមនីតិវិធី និងត្រៀមដំណើរការក្នុងពេលខាងមុខនេះ។
ជាមួយនឹងដំណើរការផលិតកម្ម របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រកាត់ស្បែកជើង រោងចក្រកាបូប រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រផលិតសម្ភារៈសំណង់ រួមជាមួយនឹងបណ្តាសហគ្រាសនានាទាំងអស់នេះ បានផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាជាចំណាកមកពីបណ្តាខេត្តដទៃទៀត ស្មើនឹងប្រមាណជាង៣០លានដុល្លារ តាមរយៈការផ្តល់ឱកាសការងារជាប្រចាំខែ។
ទី២ ខេត្តស្វាយរៀង
ខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាមនេះ ក៏ជាតីតាំងទាក់ទាញការវិនិយោគលើរោងចក្រ សហគ្រាសជាច្រើនផងដែរ។
ខេត្តនេះមានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន២១៦កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន ១១៣កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ៨ម៉ឺននាក់ ដោយបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ ប៉ុន្តែតំបន់សេដ្ឋកិច្ចដែលដំណើរការមានចំនួន៨ទីតាំង។
ទី៣- ខេត្តកំពង់ចាម
ជាខេត្តស្ថិតនៅតំបន់ទំនាបកណ្តាល ជាប់ដងទន្លេមេគង្គ ខេត្តនេះមានការមើលររំលងងពីអ្នកវិនិយោគមួយចំនួន ប៉ុន្តែការពិតខេត្តនេះក៏មានរោងចក្រធុនធំចំនួន១៧មូលដ្ឋាន (រោងចក្រកាត់ដេរកែច្នៃជ័រកៅស៊ូ) ហើយរោងចក្រធុនមធ្យមចំនួន១៣៥មូលដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ) ក្រៅពីនេះមានសិប្បកម្មលក្ខណៈគ្រួសារ មានចំនួន១១៩៤មូលដ្ឋាន (ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម)។
ទី៤- ខេត្តព្រះសីហនុ
ជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចបែបពហុបំណង និងស្ថិតនៅក្នុងគំរោងអភិវឌ្ឍន៍ខ្សែក្រវ៉ាត់១ ផ្លូវ១របស់ចិន ខេត្តព្រះសីហនុកំពុងឈានមុខគេ បន្ទាប់ពីរាជធានីភ្នំពេញ។
ខេត្តនេះ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន១០ទីតាំង ស្ថិតនៅលើផ្ទៃដីប្រមាណ២៥៨៦,២៦ហិកតា ដែលមានទំហំទុនវិនិយោគសរុបជាង១៤៨១លានដុល្លារ ក្នុងនោះមាន៤ទីតាំងកំពុងដំណើរការយ៉ាងសកម្ម ហើយ៦ទីតាំងទៀតកំពុងសាងសង់។
នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដំណើរការខាងលើនេះ មានវត្តមានរោងចក្រ សហគ្រាសសរុបចំនួន១៥១រោងចក្រ ហើយចំនួន៦៦រោងចក្រផ្សេងទៀត កំពុងដំណើរនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
ទី៥ ខេត្តបន្ទាយមានជ័យ
មានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តបន្ទាយមានជ័យក៏មានសក្តានុពល មិនចាញ់បណ្តាខេត្ត ដែលមានការរីកចម្រើនដទៃទៀតដែរ ពិសេសខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ មានច្រកទ្វារអន្តរជាតិចំនួនពីរ ដែលទាក់ទាញការវិនិយោគពីប្រទេសជិតខាងនេះ ពិសេសទាក់ទាញគំរោងវិនិយោគរបស់ជប៉ុន និងអ្នកវិនិយោគមកពីប្រទេសជាច្រើនទៀត។ ខេត្តនេះមានតំបន់ឧស្សាហកម្មប្រមាណ១០ទីតាំង ដែលមានរោងចក្រ សហគ្រាសជាច្រើន ដែលជាទីតាំងផលិត ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសដថៃ ដែលជាមូលដ្ឋាននាំចេញ ឬជាច្រកសេដ្ឋកិច្ចធំមួយសម្រាប់កម្ពុជា។
ក្រុងប៉ោងប៉ែត មុនពេលមានវិបត្តិជំងឺកូវីដ១៩ ក៏មានការរីកចម្រើន និងទាក់ទាញការវិនិយោគយ៉ាងសម្បើមផងដែរលើផ្នែកអចលនទ្រព្យ សណ្ឋាគារ កាស៊ីណូ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើនទៀត ៕ propertyarea.asia