លោក ព្រាប សុវត្ថិ ដែលរក្សាតំណែង ជាតារាកំពូលប្រចាំប្រទេសជាង ២ទសវត្សរ៍មកហើយនោះ នៅពេលនេះ បានឈានជើងកាន់តែជ្រៅទៅក្នុងពាណិជ្ជកម្មដោយលោក ទើបនឹងបង្កើតក្រុមហ៊ុនធំមួយ ។
តម្រុយនេះ ក្រោយពីប៉ុន្មានថ្ងៃកន្លងមក គេឃើញមានលេចចេញនូវវីដេអូផ្សព្វផ្សាយមួយ លេចឡើងនៅលើបណ្ដាញសង្គម ។ វីដេអូនោះ គឺជាការផ្សព្វផ្សាយពីក្រុមហ៊ុនថ្មីមួយ ដែលទើបនឹងចាប់កំណើត គឺក្រុមហ៊ុន ព្រាប សុវត្ថិ អ៊ីនវេសមែន ក្នុងនោះក៏ គេឃើញលោក ព្រាប សុវត្ថិ ខ្លួនឯងបានធ្វើជាតួសម្ដែងផ្សព្វផ្សាយ ដោយខ្លួនឯងថែមទៀត ។
ជុំវិញបញ្ហានេះ ក្រុមការងារនៅមិនទាន់ភ្ជាប់ ទំនាក់ទំនងបានជាមួយលោក ព្រាប សុវត្ថិ ដើម្បីស្រាយបញ្ជាក់នៅឡើយ ។ ប៉ុន្តែមានប្រភពមួយផ្សេង ដែលនៅមិនឆ្ងាយពីការងារនេះបង្ហើបប្រាប់ ថា លោក ព្រាប សុវត្ថិ គឺជាថ្នាក់ដឹកនាំក្រុមហ៊ុនខាងលើមែន ។ “បាទ គាត់ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល!”។
តាមប្រភពមិនបញ្ចេញឈ្មោះដដែល ប្រាប់បន្តថា “ព្រាប សុវត្ថិ អ៊ិនវេសមែន” គឺជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យធំមួយ ។ ក្រុមហ៊ុននេះទើបនឹងបើកដំណើរការថ្មីៗនេះ ដែលមានទីតាំងសិ្ថតតាមបណ្ដោយផ្លូវ ៤២ ជិតវត្តបែកចាន ។ បច្ចុប្បន្ន កំពុងសិក្សាវិនិយោគ លើគម្រោងមួយចំនួនស្ថិតនៅតាមបណ្ដោយផ្លូវ ៤២នេះ ។
“ឥឡូវយើងរៀបចំនៅម្ដុំផ្លូវ ៤២នេះ សិន ហើយយើងមានផែនការច្រើនទៀត ដែលពេលនេះ បង ព្រាប សុវត្ថិ គាត់កំពុងរៀបចំបណ្ដើរៗហើយ”។ ប្រភពថ្លែងបញ្ជាក់ ។
លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀង ត្រូវបានគេដឹងថា បានហក់ចូលក្នុងវិស័យអចលនទ្រព្យតាំងពីអំឡុងឆ្នាំ ២០១៩ ដែលពេលនោះ លោកបានបើកគម្រោងដីឡូតិ៍ធំមួយនៅភូមិសាស្ត្រទឹកដីភ្នំប្រសិទ្ធ។ បន្ទាប់ពីបញ្ចប់គម្រោងនៅទីនោះ ១-២ រួចមក លោកក៏បានសម្ងំស្ងាត់មួយរយៈ ដោយងាកមកមានសកម្មភាពច្រើនជាមួយ Galaxy Navatra វិញ។
ប៉ុន្តែប៉ុន្មានថ្ងៃនេះ ស្រាប់តែលោកកម្រើកសកម្មភាពឡើងវិញ ក្រោយឃើញវីដេអូផ្សព្វផ្សាយមួយនោះ។ សាមីតារាចម្រៀងបាននិយាយនៅក្នុងវីដេអូនោះថា ការងារនេះ លោកបានប្រឹងប្រែងរៀបចំយូរមកហើយ មុនពេលអាចដំណើរការនាពេលនេះ។ ជាមួយគ្នា ប្រភពខាងលើដដែល លើកឡើងថា ពីពេលនេះទៅលោក ព្រាប សុវត្ថិ នឹងលូកកាន់តែជ្រៅ ហើយក្នុងអចលនទ្រព ព្រោះលោកបានរកឃើញថា នៅក្នុងវិស័យនេះ មានឱកាសរីកចម្រើន ច្រើនថែមទៀត៕