ភ្នំពេញ៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារនៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត” ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា ក្រោមសហការរៀបចំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកជំទាវបណ្ឌិត ដាំ ដារីនី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក លោកស្រី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបងប្អូនទស្សនិកជនយ៉ាងច្រើនកុះករ។

សម្រាប់ការប្រកួតកីឡាអុកចត្រង្គ កម្រិតសាធារណជន និងកម្រិតកុមារនៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត” ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៦ ថ្ងៃ គណៈកម្មការរៀបចំបានរកឃើញម្ចាស់ជ័យលាភីលេខ១ អុកចត្រង្គនគរសង្ក្រាន្ត ផ្នែកកុមារ បានទៅលើ កីឡាករវ័យក្មេង សេង វុត្រា និងម្ចាស់ជ័យលាភី «ស្ដេចអុកនគរសង្ក្រាន្ត» ឆ្នាំ២០២៦ បានទៅលើកីឡាករ សុខ លីមហេង ។

អុកចត្រង្គជាមរតកវប្បធម៌អរូបិយដែលជាផ្នែកមួយ នៃខឿនវប្បធម៌របស់ខ្មែរ មានតំណច្រើនរាប់រយឆ្នាំមកហើយ ។ តាមឯកសារកត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថា ល្បែងអុកនេះមានភាពផុលផុសពេញនិយមណាស់នៅលើទឹកដីខ្មែរនាសម័យអង្គរ។ ការប្រកួតកីឡាអុកចត្រង្គ ជើងឯកកុមារ និងមហាជន នៃព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាអត្តសញ្ញាណ ព្រលឹងវប្បធម៌ជាតិខ្មែរមួយនេះ ឲ្យបន្តរស់នៅជាមួយប្រជាជនជានិច្ចនិរន្តរ៍៕


