សេដ្ឋកិច្ច​

បើសិនជា ការបំបែកក្បាលដី មិនបានត្រឹមត្រូវទៅឱ្យតិថិជននឹង ប្រឈមហានិភ័យអ្វីខ្លះ?

ភ្នំពេញៈ ជារឿយៗការទិញ-លក់ដីពុះឡូតិ៍ តែងត្រូវបានអ្នកជំនាញ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ចេញសេចក្ដីប្រកាស និងព្រមានជាហូរហែរដល់អ្នកទិញ ក៏ដូចជាអ្នកអភិវឌ្ឍន៍ផងដែរ ជៀសវាងកើតមានហានិភ័យនានា ដែលប្រាសចាកពីច្បាប់អនុញ្ញាត ជាពិសេស​ការបំបែបក្បាលដី និងចេញប្លង់កម្មសិទ្ធិស្រ​ប​ច្បាប់ មិនបានត្រឹមត្រូវតែម្ដង។

តើការបំបែកក្បាលដី ឬចេញប្លង់កម្មសិទ្ធិខុសនីតិវិធីច្បាប់ នឹងកើតមានបញ្ហាបែបណា?
អ្នកជំនាញផ្នែកលក់ដីឡូតិ៍នៅស្រុកអង្គស្នួល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាតំបន់កំពុងមានការផុសផុលយ៉ាងខ្លាំង លើការពុះដីឡូតិ៍លក់ បានមានប្រ​សាសន៍ឲ្យដឹងថា ជាទូទៅចំពោះការពុះដីឡូតិ៍លក់ ក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍត្រូវទទួលខុសត្រូវ ទៅលើការរៀបចំឯកសារស្របច្បាប់ ទៅឱ្យអតិថិជនរបស់ខ្លួន ដែលក្នុងនោះការបំបែកក្បាលដី ឬការរៀបចំឯកសារស្នើសុំប័ណ្ណ ម្ចាស់កម្មសិទ្ធិស្របច្បាប់ ដែលទទួលស្គាល់ ដោយក្រសួងគឺជារឿងសំខាន់បំផុត ហើយវាក៏ជាការបង្កើនទំនុកចិត្ត ដល់អតិថិជនផងដែរ។

ការរៀបចំឯកសារពាក់ព័ន្ធ នឹងការស្នើសុំប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ) ត្រូវមានការទទួលស្គាល់ពីអជ្ញាធរ ចាប់ពីថ្នាក់មូលដ្ឋានឡើងទៅរហូតដល់ថ្នាក់ខេត្ត (មន្ទីរ) ទើបហៅថាស្របច្បាប់ពេញលេញ។

កាលពីមុនការរៀបចំឯកសារស្នើសុំ គឺមានភាពងាយស្រួល ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩ រហូតមកហាក់មានភាពពិបាកក្នុងការស្នើសុំ រហូ​តមានក្រុមហ៊ុនពុះដីឡូតិ៍មួយចំនួនបានរំលងពីនីតិវិធី ឬចេញលិខិតប្រាស់ចាកពីច្បាប់ ទៅឱ្យអតិថិជនរបស់ខ្លួន (ឆបោក) ដែលធ្វើយ៉ាងណាឱ្យការលក់របស់ខ្លួន ទទួលបានជោ​គ​​ជ័យ ទៅតាមគម្រោង ដែលប្រការនេះវានឹងផ្តល់ភាពលំបាក ទៅដល់អតិថិជននៅថ្ងៃអនាគត។

លោកឧកញ៉ានួន រិទ្ធី អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានលើកឡើងផងដែរថា ភាគច្រើនអ្នកទិញ មិនបានដឹងច្បាស់ពីបញ្ហាផ្លូវច្បាប់នោះទេ ដែលវាក៏ជាការទទួលខុសត្រូវរបស់ក្រុមហ៊ុន ដែលជាអ្នកអភិវឌ្ឍន៍ទាំងស្រុង ហើយចំពោះក្រុមហ៊ុនមួយចំនួន ដែលមិនមានលទ្ធភាព ក្នុងការរៀបចំឯកសារ ក្នុងការស្នើសុំបំបែកក្បាលដី និងចេញបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិឱ្យអតិថិជរបស់ខ្លួន អាចបណ្តាលមកពីក្រុមហ៊ុនទាំងនោះ មិនបានចុះបញ្ជីស្របច្បាប់នៅឡើយ ហើយប្រកាសលក់ពុះដីឡូតិ៍បែបអាណាធិបតេយ្យ ដែលប្រការនេះវាបង្កហានិភ័យខ្ពស់ ដល់អតិថិជននៅថ្ងៃអនាគត ឬអាចឈានដល់ការខាតបងទ្រព្យទាំងស្រុង។

លោកបន្តថា “អតិថិជនចាំបាច់ត្រូវស្វែងយល់ ពីកត្តាផ្លូវច្បាប់ពាក់ព័ន្ធមួយចំនួន មុននឹងសម្រេចចិត្ត ចំណាយលុយទិញដីឡូតិ៍ទាំងនោះ ដូចជា សួរនាំឱ្យដឹងច្បាស់ថា តើក្រុមហ៊ុន ដែលជាអ្នកលក់មានចុះបញ្ជីត្រឹមត្រូវឬទេ ? តើក្រុមហ៊ុនមានអាជ្ញាប័ណ្ណ ដែលទទួលស្គាល់ដោយក្រសួង និងមានជាប់ពាក់ព័ន្ធទៅនឹងបណ្ដឹងឬទេ?”។

លោកបន្តថា “ជាមួយគ្នានេះអតិថិជនក៏ត្រូវដឹងពីប្រវត្តិដី រួមជាមួយនឹងការស្វែងយល់ពីប្លង់គោល រប​ស់ក្រុមហ៊ុនស្របតាមគោលការណ៍ និងសេចក្ដីជូនដំណឹង (ស,ជ,ណ) របស់ក្រសួងជាដើម ដូចជាទំហំផ្លូវ ត្រូវទុកយ៉ាងយ៉ាងតិច៨ម៉ែត្រ មានបណ្តាញអគ្គិសនី មានប្រពន្ធបង្ហូរទឹកត្រឹមត្រូវ ដែលទាំងអស់នេះ អតិថិជនត្រូវតែទាមទារ ស្វែងយល់ឱ្យបានលម្អិត ហើយអ្វីដែលសំខាន់ តើតំបន់អភិវឌ្ឍដែលពុះដីឡូតិ៍ មានជាប់ពាក់ព័ន្ធទៅនឹងគម្រោងប្លង់មេ របស់ក្រសួងដែរឬទេ ដើម្បីចៀសវាងមានបញ្ហាទៅថ្ងៃក្រោយ”៕

ប្រភព៖ Propertyarea

Most Popular

To Top