សេដ្ឋកិច្ច​

តើប្លង់គោល ទីក្រុងបូកគោ ផ្តោតលើទស្សនទាន នៃការអភិវឌ្ឈបែបណាខ្លះ?

កំពតៈ រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។

យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដី គម្រោងអភិ​វឌ្ឍន៍ក្រុងបូកគោ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថា ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជាប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា ទីតាំងនេះជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៍មានសក្ដានុពល ដែលមានអាកាសធាតុ ត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគ​ម រហូតមកដល់បច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ឋទាំងនោះមានដូចជា អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយ អគ្គិសនី ទំនប់ទឹកបារាំង។ល។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិជាសេនាធិការ បានផ្តួចផ្តើម សិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ២៧ ៩៤៣ ហិកតា ស្មើនឹង១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ១៥៤ ៥៤២ហិកតា អនុលោមតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ និងអនុក្រឹត្យ លេខ ១៧១ អនក្រ.បក ចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។

ប្លង់គោលប្រើប្រាស់ដីនេះត្រូវបានកសាងឡើង ដោយការសិក្សាច្បាស់លាស់លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា ច្បាប់ ភូមិបាល ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិ​កភណ្ឌវប្បធម៌ ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស ”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ និងអនុក្រឹត្យស្តីពី នគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជនជាដើម។

ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈ ទូលំទួលាយគ្របដណ្តប់ទាំងទិដ្ឋភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការ សម្របសម្រួលរវាងវិស័យនានាដែល ជាកម្លាំងចលករសេដ្ឋកិច្ច សំដៅធ្វើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសអភិរក្សតំបន់ទីក្រុងប្រវត្តិសាស្ត្រ។

ខេត្តកំពតស្ថិតនៅទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីយដ្ឋានឋានសួគ៌ បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្ត កំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្តានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមាន ដូចជាសំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាឱន ទឹកឈូ។

ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់ បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។ សក្តានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល សេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

ប្រភព៖ Propertyarea

Most Popular

To Top