សេដ្ឋកិច្ច​

IMF កាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចម៉ិកស៉ិក មកត្រឹម ២ភាគរយ

ម៉ិកស៊ីកូ ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ម៉ិកស៊ិកមកត្រឹម ២ភាគរយ ធ្លាក់ចុះពី ២,៨ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក របស់ IMF ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ ការព្យាករណ៍សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងឆ្នាំ២០២៣ ក៏ត្រូវបានបន្ទាបពី ០,២ភាគរយទៅ ២,៥ភាគរយផងដែរ។

ការកែសម្រួលនេះ គឺជាលទ្ធផលនៃកំណើនដែលរំពឹងទុកទាប នៅក្នុងសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ម៉ិកស៊ិក ចំពេលបរិយាកាស នៃអតិផរណាខ្ពស់ និងអត្រាការប្រាក់កាន់តែខ្ពស់ ។

សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក ដែលជាប្រទេសធំទីពីរ នៅអាមេរិកឡាទីនបន្ទាប់ពីប្រេស៊ីល បានកើនឡើង ៤,៨ភាគរយក្នុងឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះ ៨,២ ភាគរយកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាតកូវីដ-១៩។

ទីភ្នាក់ងារផ្តល់ប្រាក់កម្ចីអន្តរជាតិបានឲ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះ “គួរឱ្យកត់សម្គាល់” ចាប់តាំងពីខែមករា ដែលអូសបន្លាយដោយ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top