សិល្បៈ និង កម្សាន្ត

ក្លិបរាំដូនភ្នំពេញ គ្រងតំណែងជើងឯក នៃការប្រកួតកីឡារាំជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ ក្រោយដណ្តើមមេដាយមាស ៩គ្រឿង

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្លិបរាំដូនភ្នំពេញ គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡារាំ ជ្រើសរើសជើង ឯកថ្នាក់ជាតិឆ្នាំ២០២០ ខណៈក្លិបរាំសន្ធរម៉ុក ទទួលជើងឯករង បន្ទាប់ពីក្លិបនេះ ដណ្តើមេដាយច្រើនជាងគេបំផុត ក្នុងនោះមេដាយមាសចំនួន៩គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។

ក្នុងឳកាសពិធីបិទព្រឹត្តិការណ៍ ការប្រកួតកីឡារាំជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២០ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ ដោយបានយាងជាកិត្តិយស ចូលរួមពិធីបិទពីអ្នកអង្គម្ចាស់ ជេន ណា (ព្រះនាងតូច) និងលោកជំទាវ គឹម សែ ព្រះរាជលេខាផ្ទាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។

ចំណែកជើងឯករង បានទៅលើក្លិបរាំសន្ធរម៉ុក ក្នុងនោះមេដាយមាសចំនួន៥គ្រឿង មេដាយប្រាក់៦គ្រឿង និងមេដាយ សំរិទ្ធ៧គ្រឿង ចំណាត់ថ្នាក់លេខ៣ ក្លិបរាំច្បារអំពៅ ក្នុងនោះមេដាយមាស ចំនួន៤គ្រឿង មេដាយប្រាក់៤គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ក្លិបរាំសៀមរាបក្នុងនោះមេដាយមាស ចំនួន៤គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ២គ្រឿង និងក្លិបរាំទួលស្វាយព្រៃ ក្នុងនោះមេដាយមាសចំនួន៣គ្រឿង មេដាយប្រាក់៥គ្រឿង និងមេដាយសំរិទ្ធ៥គ្រឿង ។

សម្រាប់ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនី ចូលរួមចំនួន៣០នាក់ក្នុងនោះកីឡាការិនី២០នាក់ មកពី៥ក្លិបគឺក្លិបរាំសន្ធរម៉ុក ក្លិបរាំដូនភ្នំពេញ ក្លិបរាំទួលស្វាយព្រៃ ក្លិបរាំច្បារអំពៅ និងក្លិបរាំសៀមរាប ចំពោះវិញ្ញាសារអន្តរជាតិ មានចំនួន១៥វិញ្ញាសា ៕ដោយ៖លី ភីលីព

Most Popular

To Top