ភ្នំពេញ៖ អ្នកនាង សុទ្ធ បញ្ចកា កាលពីយប់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ នេះ បានបង្ហោះសារបកអាក្រាតគូស្នេហ៍ថ្មីរបស់នាង គឺតារាសម្ដែង លោក អែតវីន ថា បានប្រើអំពើហិង្សា មកលើរាងកាយនាង យ៉ាងដំណំ ។
ការបង្ហាញរបស់ អតីតភរិយា ម្ចាស់ ផលិតកម្ម LD ខាងលើ បានធ្វើឱ្យមហាជន អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្បិតតែកន្លងមកធ្លាប់តែគូស្នេហ៍ពួកគេបង្ហាញតែសកម្មភាពផ្អែមល្ហែម ល្អូក ល្អិន ជាមួយគ្នាដូចស្រមោច និងស្ក ។
អ្នកមេម៉ាយកូនពីរ សាច់សខ្ចីមិនចាញ់ក្រមុំ សុទ្ធ បញ្ចកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាង ទាក់ទងទៅនិងការប្រើប្រាស់អំពើហិង្សាពីសំណាក់គូស្នេហ៍ គឺលោក អែតវីន យ៉ាងដូច្នេះថា “ញុំមនុស្សមិនមែនសត្វទេ ហេតុអីវាយខ្ញុំដល់ថ្នាក់នេះ ? អេដវីន ចាំទទួលអ្វីដែលអ្នកធ្វើដាក់ខ្ញុំថ្ងៃនេះទៅ! ទ្រាំយូរហើយ គួរដល់ពេលដែរឈប់លាក់រឿងពិតហើយ ! ស្រលាញ់ខ្ញុំណាស់ តែពេលខឹង ពេលឈ្លោះ មិនដែលនិយាយហេតុផល ខឹងវាយ ខឹងវាយ … ហេតុអ្វីដំបូងល្អម្ល៉េះ តែចុងក្រោយ ធាតុពិតក៏ចេញមក” ។

អ្នកនាង សុទ្ធ បញ្ចកា បានសរសេរបន្តទៀតថា “ចាំ ពេលផ្លូវចិត្តខ្ញុំល្អជាងនេះ ខ្ញុំឱ្យបង ស្គាល់ បញ្ចកា មួយនេះ ច្បាស់ … ខ្ញុំមានតំលៃជាមនុស្ស មិនមែន ខឹងវាយ ខឹងវាយដូចសត្វធាតុអ៊ីចឹងទេ! ពេលស្រលាញ់ខ្ញុំ លះបង់គ្រប់យ៉ាង តែលទ្ធផលទទួលបាន គឺ ភាពមិនទុកចិត្ត ធ្វើបាបផ្លូវកាយ ផ្លូវចិត្ត! អស់ពេល អោយបកក្រោយហើយ អេដវីន !” ។

ទាក់ទងរឿងតែមួយនេះ អ្នកនាង សុទ្ធ បញ្ចកា ដដែល ក្រោយមក ក៏បានបង្ហើបនៅលើគណនីហ្វេសប៊ុករបស់នាង ឱ្យមហាជនកាត់យល់បានថា មូលហេតុដែលតារាសម្ដែង អេដវីន ប្រើអំពើហិង្សាមកលើរូបនាង គឺដោយសារបានឃើញនាង នៅក្នុងបន្ទប់ជាមួយមនុស្សប្រុសម្នាក់ ទាំងដែលការពិតប្រុសនោះ គឺជាគ្រូពេទ្យប្រចាំកាយរបស់នាង ហើយនាងក៏មិនមែននៅតែពីរនាក់ដែរ គឺនៅជាមួយកូនស្រីពៅរបស់នាងម្នាក់ទៀតផង ។

អ្នកនាង សុទ្ធ បញ្ចកា ក៏បានបញ្ជាក់ផងដែរថា ពួកនាងនៅក្នុងបន្ទប់ទាំងបីនាក់ បានមួយនាទីស្រាប់តែ អេដវីន មកដល់ ហើយបើទោះជានាង ល្មោភកាមតណ្ហាប៉ុនណា ក៏មិនដល់ថ្នាក់ធ្វើខុសសីលធម៍ នៅចំពោះមុខកូនបានដែរ ។

គួរជម្រាបផងដែរថា អ្នកនាង សុទ្ធ បញ្ចកា បានលាតត្រដាងទំនាក់ទំនងស្នេហាពេញមុខជាមួយតារាសម្ដែងប្រុសរូបសង្ហារ អេដវីន ក្រោយពីបែកបាក់ស្នេហ៍ជាមួយថៅកែផលិតកម្ម LD នាកំឡុងឆ្នាំ ២០១៩ ។

អ្នកនាង សុទ្ធ បញ្ចកា ធ្លាប់បាននិយាយនៅក្នុងសារព័ត៌មានក្នុងស្រុកជាច្រើនថា ស្នេហាដែលលោក អែតវីន មានចំពោះនាង គឺលោកមិនប្រកាន់ថា នាងជាស្រីមេម៉ាយ និងមានកូនរួចនោះទេ គឺកម្លោះសង្ហាសម្ដីផ្អែមរូបនេះ តែងតែតាមយកចិត្តយកថ្លើមនាង និងយកចិត្តទុកដាក់ ព្រួយបារម្ភពីនាងគ្រប់ពេល ដែលទង្វើទាំងអស់នេះ ធ្វើឱ្យនាងពិតជាស្រឡាញ់ និងមានអារម្មណ៍កក់ក្ដៅ ដែល មានលោកអែតវីន ជាគូស្នេហ៍ ៕
ដោយ៖ ម៉ានី

