សិល្បៈ និង កម្សាន្ត

ធ្លាប់ឆ្ងល់ដែរឬទេ តួប៉មព្រហ្មមុខបួន ជាច្រើន នៅប្រាសាទបាយ័ន តំណាងឲ្យអ្វី?

ប្រាសាទបាយ័ន ជាប្រាសាទមួយដែលមានលក្ខណៈ ជាប្រាសាទភ្នំ ត្រូវបានកសាងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ព្រះមហាក្សត្រខ្មែរនាសម័យអាណាចក្រអង្គរ។ ប្រាសាទបាយ័នកសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទីតាំងនៅចំកណ្តាល នៃក្រុងអង្គរធំដែលមានកំពែងដ៏រឹងមាំ មានរាង៤ ជ្រុងស្មើ និងមានកសិន្ធុទឹកព័ទ្ធជុំវិញ។

នៅចុងសតវត្យទី១២ និងដើមសតវត្យទី១៣ ព្រះបាទជ័យវរ្ម័នទី៧ បានបញ្ជាឲ្យសាងសង់ប្រាសាទនេះឡើង ដោយ​តួប៉មនីមួយៗរចនាឡើងយ៉ាងល្អឯកគឺមានមុខបួន មានកំពូល៤៩ និងកំពូលក្លោងទ្វារចូលចំនួន៥ សរុបទាំងអស់គឺ៥៤កំពូល ដែលអ្នកប្រវត្តិសាស្ត្រគិតថា កំពូលនៃតួប៉មនីមួយៗតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤ នៅសម័យកាលនោះ។

មានការបកស្រាយផ្សេងៗគ្នាពីព្រះភ័ក្ត្រទាំងបួនដ៏ធំដែលស្ថិតនៅលើកំពូលតួប៉មទាំងឡាយនៃប្រាសាទបាយ័ន ដោយអ្នកប្រវត្តិសាស្ត្រមួយចំនួនយល់ថាតំណាងឲ្យព្រះលោកេស្វរៈ ខ្លះទៀតយល់ថាតំណាងឲ្យព្រះលោកេស្វរៈ ផង និងព្រះព្រហ្មផង ហើយខ្លះទៀតគិតថាតំណាងឲ្យព្រះបាទជ័យវរ្ម័នទី៧ តែម្ដង។ ការសំយោគបែបនេះដោយសារព្រះអង្គចង់ឲ្យប្រជារាស្ត្រ ខ្មែរដែលមានជំនឿលើសាសនាផ្សេងគ្នា រស់នៅដោយសុខសាន្ត ដោយសន្តិភាព ក្រោមការគ្រប់គ្រងរបស់ទ្រង់។

ព្រះភ័ក្រមុខបួនមានទឹកមុខញញឹមប្រិមប្រិយ បែរមុខទៅកាន់ទិសទាំង៤ ហាក់បីដូចជាស្វាគមន៍​រង់ចាំភ្ញៀវយ៉ាងរាក់ទាក់ មើលពីខាងណាក៏ដូចខាងណា ឃើញស្នាមញញឹម ពព្រាយ នាំឲ្យយើងសប្បាយរីករាយ និងកោតស្ញប់ស្ញែងពី​ទេពកោសល្យនៃវីរស្ថាបត្យករ ដែលជាដូនតារបស់យើង។

អ្នកជំនាញប្រវត្តិសាស្ត្រជាច្រើនអះអាងថា លក្ខណៈនៃទឹកមុខដែលបិទភ្នែក និងញញឹមប្រកបដោយភាពអាថ៌កំបាំងនេះគឺតំណាងឱ្យការត្រាស់ដឹង និងភាពស្ងប់ស្ងាត់។ ប្រាសាទបាយ័នត្រូវបានសាងសង់មានប្លង់បីជាន់ ដែលគេអាចចូលតាមច្រកថែវតូច មានពន្លឺចូលទៅដល់តិចតួច។ លក្ខណៈនេះធ្វើឱ្យនៅខាងក្នុងប្រាសាទនៅតែមានភាពត្រជាក់ បើទោះបីជានៅខាងក្រៅមានអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅក៏ដោយ។

ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណិតរៀបរាប់អំពីរឿងទេវកថានៅខាងក្នុង និងខាងក្រៅ ថែមទាំងរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ និងជល់មាន់ជាដើម។ ក្រៅពីនោះក៏មានរៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចម្បាំង និងព្យុះហយាត្រា​របស់កងទ័ព។ ​ចម្លាក់នៅប្រាសាទបាយ័នការឆ្លាក់រចនាមានលក្ខណៈសាមញ្ញ និងចម្លាក់ឆ្លាក់បានជ្រៅជាង ចម្លាក់នៅប្រាសាទអង្គរវត្ត៕ ប្រភព៖sabay

Most Popular

To Top