នៅមុន១ថ្ងៃ នៃការលេចដំណឹងថា អេដ វីន ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនរួចបញ្ជូនទៅតុលាការពាក់ព័ន្ធករណីប្រើអំពើហិង្សាលើសង្សាររបស់ខ្លួននោះ កាលពីថ្ងៃទី២១ ខែមិថុនា អ្នកនាង សុទ្ធ បញ្ចកា ដែលជាសង្សាររបស់អេដ វីន ប្រកាសថានាងលែងចងកម្មពៀរជាមួយអ្នកណាទៀតហើយ។

ដោយទប់កំហឹងមិនបានក្រោយទទួលរងនូវអំពើហិង្សាយ៉ាងដំណំ សុទ្ធ បញ្ចកា បានដាក់ពាក្យប្ដឹងនឹងលោក យិតមាសឧស្សាហ៍ ហៅអេដ វីន ភ្លាមៗ ដោយមិនគិតដល់ការទម្លាក់ចោលនូវការចងពៀររម្ងាប់ដោយការមិនចងពៀរដូចដែលដែលនាងបានលើកឡើងនោះឡើយ។ សមត្ថកិច្ចបានបង្ហាញចំណាត់ការរបស់ខ្លួនលើករណីនេះ ដោយឃាត់ខ្លួនលោកអេដ វីន តាមបណ្ដឹងរបស់សុទ្ធ បញ្ចកា ហើយវត្តមានរបស់អេដ វីន នៅមុខតុលាការ ត្រូវគេប្រមាញ់រូបបានម្សិលមិញ។


តាមរយៈសំណេរដ៏វែងអន្លាយ និងបង្ហោះជាប់ៗគ្នាតាមបណ្ដាញសង្គមប៉ុន្មានថ្ងៃក្រោយពីផ្ទុះជម្លោះជាមួយសង្សាររហូតដល់បន្សល់ស្នាមរបួសរៀងៗខ្លួន មហាជនគិតថា សុទ្ធ បញ្ចកា ចាប់ផ្ដើមបើកភ្លើងខៀវសម្រាប់កិច្ចចរចាត្រូវរ៉ូវគ្នាវិញរវាងនាង និងលោក អេដ វីន បើទោះបីជាបណ្ដឹងរបស់នាងបានដាក់ចូលដល់ដៃសមត្ថកិច្ចហួសទៅហើយក្ដី។ ទន្ទឹមគ្នានេះ បញ្ចកា ថារឿងដែលបានកើតឡើង ហើយឈានដល់ហិង្សានេះ គឺកើតចេញពីការយល់ច្រឡំ និងការប្រចណ្ឌ។

សុទ្ធ បញ្ចកា៖”ពៀររំងាប់ដោយការមិនចងពៀរ! ខ្ញុំធ្លាប់ចងពៀរគេម្នាក់ហើយ វាគ្មានបានអីមកវិញទេ វាមានតែភ្លើងជាប់ខ្លួន តែពេលខ្ញុំទំលាក់ចុះ ខ្ញុំរាប់អានជាមួយ Ex មុនខ្ញុំធម្មតា ពីពេលនោះមកជីវិតញុំជួបតែរឿងល្អ វាមកចង្រៃអី អាយប់នឹង មកទក់សាច់អីណា“។

ទោះជាយ៉ាងណា សុទ្ធ បញ្ចកា បានព្រលយពាក្យថា បើឲ្យនាងយកវិញ វាពិតជាពិបាកណាស់នូវការនឹកឃើញទិដ្ឋភាពហិង្សានោះ ប៉ុន្តែដោយសារមានមនោសញ្ចេតនា និងអនុស្សាវរីយ៍ច្រើន ដោយនាងដាក់ជាសំណួរថាតើមនុស្សស្រីណាដាច់ចិត្ដឈរមើលមនុស្សខ្លួនឯងស្រឡាញ់ ពិបាកនៅនឹងភ្នែក។ នាងថា កុំថាឡើយស្នេហា តែអ្នកស្គាល់គ្នាធម្មតាក៏នាងនៅតែជួយ ហើយនៅខ្វល់ខ្វាយពីអ្នកនោះទៀតផង៕ប្រភព៖sabay
