សិល្បៈ និង កម្សាន្ត

ស្ងាត់ៗ តារាសម្ដែង សុខ ដែន ចាយលុយ​ ផលិតរឿងខ្នាតខ្លី ដោយខ្លួនឯង ទោះបីមិនមាន អ្នកជួយស្ព័នស៊រក៏ដោយ

ភ្នំពេញ៖ មានអ្នកគាំទ្រជាច្រើន ស្គាល់ច្បាស់រួចមកហើយ នូវតារាសម្ដែងសាច់ដុំធំ រាងមាំ លោក សុខ ដែន ដែលមិនត្រឹមតែជាតារាសម្ដែងភាពយន្ត និង MV ប៉ុណ្ណោះទេ បច្ចុប្បន្នលោកថែមទាំង ជាអ្នកដឹកនាំថត MV និងរឿងខ្នាតខ្លីទៀតផង ។

ទោះជាមួយរយៈនេះ តារាក្បាច់គុណខាងលើ កំពុងមមាញឹកជាមួយការងារសម្ដែង ទាំងរឿងភាគ និងរឿងខ្នាតខ្លី យ៉ាងណាក៏ដោយ ក៏លោកនៅតែឆ្លៀតពេល ផលិតរឿងខ្នាតខ្លីមួយរឿង និងទើបតែបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដែលរឿងនោះមានចំណងជើងថា “គំនុំចាស់” ។

ទាក់ទងជាមួយរឿងខ្នាតខ្លី ដែលជាស្នាដៃដឹកនាំ និងសម្ដែង ដោយខ្លួនឯងនេះដែរ លោក សុខ ដែន បានប្រាប់មកកាន់ LookingToday យ៉ាងដូច្នេះថា រឿង “គំនុំចាស់” គឺជាការផ្ដួចផ្ដើម គ្រោងឆ្អឹងរឿង ដោយលោកផ្ទាល់ និងចំណាយពេលថត រយៈពេល ១ថ្ងៃ នៅលើទឹកដីភ្នំប្រសិទ្ធ ។

លោក សុខ ដែន បានបន្តថា សម្រាប់ដើមទុន នៃការផលិតរឿងខ្លីខាងលើនេះ គឺអស់ខ្ទង់ជាង ៣ពាន់ដុល្លារ ដោយពុំមានស្ព័នស៊រ ពីក្រុមហ៊ុនណាមួយឡើយ ហើយបើទោះបីជារឿងនេះ ត្រូវបានថត និងកាត់តរួចរាល់ហើយយ៉ាងណាក្ដី ក៏លោកនៅតែស្វាគមន៍ ទទួលស្ព័នស៊រជានិច្ច ។

សូមបញ្ជាក់ដែរថា លោក សុខ ដែន ជាតារាសម្ដែងម្នាក់ ដែលវិវឌ្ឍពីអ្នកក្បាច់គុណបុរាណខ្មែរ និង ហ្វ៊ីដូ ។ ឆ្នាំ ១៩៩៧ លោកគឺជាកីឡាករកាយសម្ព័ន្ធ និងជាប់ជាជម្រើសជាតិផ្នែកកាយសម្ព័ន្ធ នៅឆ្នាំ ២០០០ ព្រមទាំងមានឱកាស​ បានទៅប្រកួតតំណាងជាតិ នៅឆ្នាំ ២០០៦ ។

នៅឆ្នាំ ២០០៦ នោះដែរ សុខ ដែន ក៏មានឱកាសបានចូលប្រឡូក ក្នុងសិល្បៈប៉ុន្តែនៅមិនទាន់ពេញលេញនៅឡើយ ដោយនៅជាប់ជាមួយ ការងារកីឡាករខ្លះៗ រហូតមកដល់ឆ្នាំ ២០០៨ លោកក៏បានចូលប្រឡូកពេញទំហឹង ព្រមទាំងបានសម្ដែងក្នុងរឿងជាច្រើន ចាប់ពីពេលនោះមកមានដូចជា រឿង «រន្ទះជើងក្នុងភ្លក់ភ្លើងវណ្ណៈ» «បន្ទាប់សង្គ្រៀមកូនភ្លោះ» «ខ្មោចពោះធំ» «រង្គសាលពិឃាត» «ល្បុកតោចម្លែក» «លត់ដែកថែប» «ហ្លួងព្រះស្ដេចព្រះកន» «ខ្មោចស៊ីឈ្នួល» «កំពូលអ្នកស៊ើបអង្កេត» ។

កាលពីពេលថ្មីៗនេះ លោកបានបញ្ចប់ថតរឿងភាគ របស់ស្ថានីយទូរទស្សន៍ CTN ចំនួន ពីរឿង គឺរឿង “តម្លង់៧សណ្ដាន” និងរឿង “មាយាដកខ្ញី” និងបានបញ្ចប់ថតរឿងខ្លី នៅក្នុងកម្មវិធី តោះសើច ចំនួនពីររឿង គឺរឿង “ប៉ូលិស single” និង “ក្រមុំជូអែម” ហើយក៏កំពុងត្រៀមថត ក៏ដូចជាសម្ដែងក្នុងរឿងខ្នាតខ្លី ដែលជាស្នាដៃដឹកនាំសម្ដែង និងផលិតរបស់លោកផ្ទាល់ ជាច្រើនរឿងផងដែរ ៕ ដោយ៖ ម៉ានី

Most Popular

To Top