សិល្បៈ និង កម្សាន្ត

ធ្លាប់តែឃើញតារាស្រី ពេជ្រ ចរណៃ លេងខ្លួនហាយសូរ តែបើដឹងពីប្រវត្តិនាង ទើបស្រក់ទឹកភ្នែក

ភ្នំពេញ៖ មានមហាជនជាច្រើនច្បាស់ជាបានដឹង និងបានស្គាល់រួចមកហើយ នូវកេរ្តិ៍ឈ្មោះតារាសម្ដែងស្រីស្រស់សោភា អុិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ ដែលនាងមិនត្រឹមតែជាតារាសម្ដែងប៉ុណ្ណោះទេ ហើយថែមទាំងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ ទៀតផង ។

គិតមកដល់បច្ចុប្បន្ននេះ ពេជ្រ ចរណៃ មានវ័យ ២៦ឆ្នាំហើយ ប៉ុន្តែសម្រស់របស់នាងនៅតែស្រស់ស្អាត ហើយអ្វីដែលពិសេសនោះគឺរាងរបស់នាង កាន់តែស្អាត និងសិចស៊ី ជារាងដែលស្ថិតក្នុងការចង់បាន របស់មនុស្សស្រីគ្រប់រូប ។

មុននឹងមានឈ្មោះ បោះសំឡេងដូចបច្ចុប្បន្ននេះ ពេជ្រ ចរណៃ ក៏មានប្រវត្តិជូរចត់ខ្លាំងគួរសមដែរ ដោយសារតែនាង គឺជាកូនកំព្រាឪពុកម្ដាយ តាំងពីតូចមកម្ល៉េះ ។

យោងតាមការរៀបរាប់ពីជីវប្រវត្តិរបស់ តារាស្រីនិយមលេងខ្លួនបែបស្ទីលកាចៗខាងលើនេះ ជាមួយស្ថានីយទូរទស្សន៍មួយបានឱ្យដឹងថា នាងកំព្រាឪពុកនៅអាយុ ៧ឆ្នាំ ហើយដោយសារជីវភាពខ្វះខាត ទើបអ្នកម្ដាយរបស់នាង បានបញ្ចូននាង និងប្អូនស្រីម្នាក់ទៀតអាយុ ០៣ឆ្នាំ ទៅមណ្ឌលកុមារកំព្រា។

នៅអាយុ ១៣ឆ្នាំ ចរណៃបានសម្រេចចិត្តសុំមណ្ឌលកុមារកំព្រាត្រលប់មករស់នៅជុំគ្នាជាមួយគ្រួសារវិញ និងម្ដាយដែលចាស់នៅផ្ទះវិញ។ ជាអកុសល ១ឆ្នាំក្រោយមក ម្តាយចរណៃមានជំងឺដុំសាច់ក្នុងខួរក្បាល។ បងប្រុសរបស់ចរណៃបានលួចឈប់រៀន ដើម្បីទៅធ្វើការសំណង់យកប្រាក់មកព្យាបាលម្ដាយ។ចរណៃ ក៏មិនសូវមានអារម្មណ៍រៀន ហើយថ្ងៃប្រឡងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយបានឈប់រៀន។ ក្រោយមក ចរណៃបានចូលធ្វើការរត់តុ។

ក្នុងពេលរត់តុ ចរណៃបានឃើញប៉ុស្តិ៍ទូរទស្សន៍បានផ្សាយរើសយកបរវរកញ្ញាឯក រួចក៏សម្រេចចិត្តដាក់ពាក្យប្រកួតព្រោះតែមាននិស្ស័យ និងចិត្តស្រលាញ់សិល្បៈផង។ ជាភ័ព្វសំណាង កញ្ញាបានទទួលជ័យលាភី ហើយបានចូលថតសម្ដែងក្នុងផលិតកម្មនានាជាបន្តបន្ទាប់។ ក្នុងវ័យ ២១ឆ្នាំ កញ្ញា ចរណៃ ក៏ត្រូវបានផលិតកម្មមួយទៀតឱ្យសម្ដែងជាតួឯកស្រី ដែលចេះហាត់ក្បាច់គុន ប្រយុទ្ធ ចេះលោត ទាត់ធាក់ ចេះបាញ់ព្រួញ។

ដោយសារតែតម្រូវការរបស់ផលិតករ ក៏ដូចជាចំណូលចិត្តផង ដូច្នេះហើយពេលនោះ ចរណៃ បានចាប់ផ្ដើមហាត់សមក្បាចគុណល្បុកតោខ្មែរ ។ ហើយទោះបីជាថតរឿងចប់ក៏ដោយ កញ្ញានៅតែតាំងចិត្តមុះមុតនឹងបន្តហាត់ក្បាច់គុនល្បុក្កតោនេះបន្តទៀត ហើយហាត់ពិបាក មានស្នាមជាំ និងឈឺខ្លួនក៏ដោយ កញ្ញានៅតែមានឆន្ទៈមួយគិតថា ខ្លួនត្រូវតែបន្តការហាត់នូវក្បាច់គុនខ្មែរ ដើម្បីពេលដែលខ្លួនចេះ នឹងអាចចែករំលែកចំណេះដឹង និងអាចបណ្ដុះបណ្ដាលក៏ដូចជាផ្សព្វផ្សាយទៅយុវជនខ្មែរជំនាន់ក្រោយដែលមិនមានឱកាសឱ្យបានស្គាល់ និងចេះហាត់នូវក្បាច់គុនរបស់ជាតិខ្លួនកាន់តែច្បាស់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ តារាសម្ដែង អុិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ កំពុងមានប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គមទាំងហ្វេសប៊ុក Instagram និង Tik tok ជាដើម ។

ជារឿយៗតួឯកស្រីនៅក្នុង MV បទ “ចាប់ពីពេលនេះឈប់រំខានហើយ” ក៏តែងតែថតរូបស្អាត បង្ហាញរាងដ៏សិចស៊ីរបស់នាង ចែកជូនជាចំណីភ្នែកដល់អ្នកគាំទ្ររបស់នាងផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top