ភ្នំពេញ៖ តារាចម្រៀងរាងតូចច្រឡឹង វីរៈ និច្ច ក្រោយពីត្រូវបានបុរសរូបសង្ហារ កូនអ្នកខេត្តព្រះសីហនុ ចូលចែចូវកាលពីដើមខែសីហា នេះរួចមក ស្រាប់តែពេលនេះ ដឹងដំណឹងថា អ្នកទាំងពីរនឹងរៀបចំ ពិធីជ័យមង្គលនៅចុងឆ្នាំ ២០២១ នេះ ។ នេះបើយោងតាមការបង្ហើបពីសំណាក់តារាសម្ដែង និងបង្ហាញម៉ូដ អាឡិច ចាន់ត្រា ។

តាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក អាឡិច ចាន់ត្រា បានឱ្យដឹងថា តារាចម្រៀងស្រីសាច់សខ្ចី និងដ៏មានប្រជាប្រិយភាពនៅផលិតកម្មសាន់ដេ វីរៈ និច្ច នឹងរៀបចំពិធីមង្គលការនៅចុងឆ្នាំ ២០២១ ។ មិនតែប៉ុណ្ណោះ លោក អាឡិច ចាន់ត្រា ថែមទាំងបានបង្ហើបថា អនាគតស្វាមីរបស់ វីរៈ និច្ច គឺជាម្ចាស់ភោជនីយដ្ឋានមួយកន្លែងនៅខេត្តព្រះសីហនុឈ្មោះថា Angkor Beach ទៀតផង ។

ជុំវិញនឹងដំណឹងទាក់ទងជាមួយពេលវេលារៀបការនេះដែរ គឺក្រោយពេល លេចធ្លាយរូបថត Pre-wedding ជាច្រើនសន្លឹករបស់ វីរៈ និច្ច និងគូដណ្ដឹង កាលពីប្រមាណមួយអាទិត្រមុន ។

គួរឱ្យដឹងថា អនាគតស្វាមីរបស់តារាចម្រៀងវ័យ ២៣ឆ្នាំ ខាងលើមានឈ្មោះ ខៀវ ពេជ្រ ជាកូនអ្នកខេត្តព្រះសីហនុ ។ ពួកគេទាំងពីរនាក់ បានបង្ហាញទិដ្ឋភាពចូលចែចូវតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ កាលពីរសៀលថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ប៉ុន្តែមិនទាន់មិនដំណឹងថា នឹងចូលរោងការនៅថ្ងៃណាឡើយ ៕ដោយ៖ ម៉ានី


