សិល្បៈ និង កម្សាន្ត

ស្រឡាញ់គ្នាជិត ៥ឆ្នាំហើយ តារាចម្រៀង គូម៉ា និងស្រីស្អាត ម៉ៅ គឹមធីតា មិនទាន់និយាយរឿងរៀបការ

ភ្នំពេញ៖ ជឿថាមានអ្នកគាំទ្រ តារាចម្រៀង គូម៉ា ស្ទើទាំងអស់ច្បាស់ ជាបានដឹងរួចមកហើយថា គូម៉ា និងតារាសម្ដែងស្រី ស្រស់សោភា ម៉ៅ គឹមធីតា បើគិតមកទល់ពេលបច្ចុប្បន្ននេះ បានសាងស្នេហ៍ជាមួយគ្នា រយៈពេលជិត ៥ឆ្នាំហើយ ប៉ុន្តែគេទាំងពីរនាក់ នៅមិនទាន់បង្ហាញ ពីគម្រោងរៀបការនៅឡើយ ។

ជាការពិតណាស់ម្ចាស់បទ “ចាំមើលថ្ងៃលិចមុនពេលបែកគ្នា” ខាងលើ និងតារាស្រី ម៉ៅ គឹមធីតា បានបង្ហាញជាសាធារណៈថា គេទាំងពីរនាក់បានស្រឡាញ់គ្នា ក៏ដូចជាតែងតែបង្ហាញ ពីសកម្មភាពផ្អែមល្ហែម រវាងគ្នាទៅវិញទៅមក លើបណ្ដាញសង្គមផងដែរ ដែលមើលទៅ ពិតជាពោពេញទៅដោយ សុភមង្គលបំផុត ។ ប៉ុន្តែអ្វីដែលអ្នកគាំទ្រ ចង់ឃើញនោះ គឺគេទាំងពីរសង្ឃឹមថា នឹងមានដំណឹងល្អ អំពីអាពាហ៍ពិពាហ៍ឆាប់ៗ ព្រោះថា បើគិតមកដល់ពេលនេះ មានរយៈពេលជិត ៥ឆ្នាំហើយ ដែលស្ថិតក្រោមឈ្មោះជាសង្សា ។

យ៉ាងណាក៏ដោយ ចំណងស្នេហារបស់លោក គូម៉ា និងកញ្ញា ម៉ៅ គឹមធីតា ក្រៅតែមានភាពផ្អែមល្ហែម ក៏ធ្លាប់មានរឿងរកាំរកូសខ្លះៗដែរ រហូតធ្លាប់ត្រូវបានខាងស្រី ហាមាត់សុំចែកផ្លូវទៀតផង ។ ប៉ុន្តែដូចពាក្យចាស់ពោលថា “ចានក្នុងរាវ តែងរណ្ដំ” ពិតមែន បើទោះជា ធ្លាប់ឈ្លោះ ធ្លាប់អន់ចិត្តគ្នា និងនិយាយថាបែកគ្នា យ៉ាងណាក៏ដោយ ក៏ចំណងស្នេហ៍ របស់ប្រុសស្រីមួយគូខាងលើនេះ នៅតែរឹងមាំ ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គ្រួសារ ចាស់ទុំ ទាំងសងខាង ក៏បានដឹងឮគ្រប់ៗគ្នា ពោលគឺចាំតែវេលា រៀបការប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ចំណងស្នេហារវាង តារាចម្រៀង គូម៉ា និងតារាសម្ដែងក្រមិចក្រមើម ម៉ៅ គឹមធីតា បានផ្ដើមឡើងក្រោមរូបភាព ជាមិត្តភក្ដិបន្ទាប់ពី ម៉ៅ គឹមធីតា បានចែកផ្លូវជាមួយលោក ហង្សសម្បើម ស័ក្កិ ។ ប៉ុន្តែបើទោះជា គូម៉ា និង ម៉ៅ គឹមធីតា ខំបិទបាំងភ្នែកមហាជនយ៉ាងណា ក៏មិនជិតដែរ ទើបក្រោយមកពួកគេ ក៏បានសារភាពថាពិត ជាស្រឡាញ់គ្នាប្រាកដមែន ហើយចំណងស្នេហ៍នេះ ក៏បានអូសបន្លាយ រហូតដល់បច្ចុប្បន្ន ៕ ដោយ៖ ម៉ានី

Most Popular

To Top