ភ្នំពេញ ៖ រហូតមកទល់ពេលនេះ តារាចម្រៀង សុខ មេសា ហៅ ចឺម និងតារាសម្ដែងស្រី សេង សុខឃីម នៅតែបង្ហាញភាពស្និទ្ធស្នាល ផ្អែមល្ហែមលើបណ្ដាញសង្គម ដោយមិនក្រែងរអែងចិត្តស្រីស្រស់ ហ្វាហ្វា បន្តិចណាឡើយ ។ ហើយទំនាក់ទំនង រវាងពួកគេទាំងពីរ ក៏ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ សន្និដ្ឋាន ទំនាក់ទំនងជា ស្នេហា យ៉ាងពិតប្រាកដ ព្រោះគេទាំងពីរតែងតែទៅណាមកណាជាមួយគ្នា កាន់ដៃគ្នាចូលកម្មវិធីផ្សេងៗផងដែរ ។ ជាក់ស្ដែងកន្លងមកនេះ លោក ចឺម និង ស្រីស្អាតសាច់សខ្ចី សុឃីម បានតោងដៃគ្នាយ៉ាងស្អិត ចូលរួមពិធីមង្គលការតារាចម្រៀង វីរៈនិច្ច ផងដែរ ។

យ៉ាងណាក៏ដោយ ទាក់ទងនឹងព័ត៌មានខាងលើនេះ សម្រាប់ ចឺម និង ហ្វាហ្វា នៅមិនទាន់បានបង្ហាញឱ្យដឹងថា ពួកគេបានបែកគ្នាហើយ ឬនៅឡើយ ខណៈដែល ហ្វាហ្វា ផ្ទាល់នៅតែគេចវេស មិនព្រមប្រាប់ការពិតដល់ក្រុមការងារ Lookingtoday ដោយទូរស័ព្ទខលមិនលើក និងមិនព្រមឆ្លើយតប សារដែលចោទជាសំណួរថា «តើ កញ្ញាហ្វាហ្វា និង លោក សុខ មេសា ហៅ ចឺម ពិតជាបានបែកគ្នាមែនឬទេ»?

ជាការពិតណាស់ ទោះជា មិនទទួលបានការ បកស្រាយពីសាមីខ្លួនក៏ពិតមែន ប៉ុន្តែសកម្មភាព របស់លោក ចឺម និង ហ្វាហ្វា ហាក់ដូចជាឃ្លាតឆ្ងាយគ្នា យ៉ាងខ្លាំង ។ ហើយគេសម្គាល់ឃើញទៀតថា ថ្ងៃណាដែលលោក ចឺម និង សេង សុខឃីម បង្ហោះរូបថតផ្អែមល្ហែម គឺតែងតែឃើញ ហ្វាហ្វា បង្ហោះរូបសិចស៊ីៗ ម្នាក់ៗឯង ជានិច្ច ដែលទំនងជាការបន្លប់ភាពឈឺចាប់ ។

ជាមួយគ្នានេះដែរ ទន្ទឹមនឹងលោក ចឺម និងនាង សេង សុខឃីម កាន់តែផ្អែមល្ហែម តោងតាមគ្នាស្អិតដូចស្រមោច និងស្កនេះ ក៏ត្រូវបានមហាជន ចាប់អារម្មណ៍ ចង់ដឹង ចង់ស្គាល់យ៉ាងខ្លាំងអំពីនាង សេង សុខឃីម ក៏ដូចជាជីវិតឯកជនរបស់នាង ។

តាមពិត បើតាមការបង្ហើបរបស់នាង សុខឃីម ផ្ទាល់ជាមួយសារព័ត៌មានក្នុងស្រុក នាពេលកន្ហងមកបានឱ្យដឹងថា នាងធ្លាប់មានប្ដី និងមានកូនប្រុសម្នាក់ រួចហើយ ហើយក្រៅតែ ពីអាជីពជាតារាសម្ដែង ដែលជាការងារបន្ទាប់បន្សំ និង ជាការងារនាងចូលចិត្ត នាងក៏មានមុខ របរលក់ផលិត សម្រស់ តាមអនឡាញផងដែរ ។ ហើយការងាររកស៊ីលើជំនួញផលិតសម្រស់នេះ ធ្វើឱ្យនាងមានជីវភាពធូធារ មានរថយន្តទំនើប និងផ្ទះធំស្កឹមស្កៃ រស់នៅ ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ Lookingtoday នៅតែមិនអាចសុំការបញ្ជាក់ ពីអ្នកនាង សេង សុខឃីម និងកញ្ញា ហ្វាហ្វា អំពីសម្ព័ន្ធភាពជា មួយលោក សុខ មេសា ហៅ ចឺម បានឡើយ ៕

ដោយ៖ ម៉ានី







