វគ្គប្រកួតបឋមនៃកម្មវិធី MGI បានធ្វើឡើងកាលពីយប់ថ្ងៃទី ២ ខែធ្នូ ២០២១ នាទឹកដីក្រុងបាងកក ។ គ្រប់បវរកញ្ញាទាំងអស់ បានបញ្ចេញសមត្ថភាពអស់ពីខ្លួន ដើម្បីដណ្ដើមបានការចាប់អារម្មណ៍ ពីមហាជន និងជាពិសេសពីគណៈកម្មការ ។ ក្រឡេកមកមើលបវរកញ្ញា តំណាងប្រទេសកម្ពុជា ឯណេះវិញ កាលពីយប់មិញនេះ មិនបានធ្វើឱ្យអ្នកគាំទ្រ ខកបំណងឡើយ ពោលគឺនាងធ្វើបានល្អបំផុត ទាំងឈុតរាត្រីស្រមោលស និងឈុតហែលទឹក។ ទាំងពីរវគ្គបវរកញ្ញា ប៉ូគីមថេង សុធីតា ពិតជាធ្វើបានល្អខ្លាំង នាំឱ្យផ្ទុះការកោតសរសើរព្រោងព្រាត ពេញបណ្ដាញសង្គម ពិសេសអ្នកគាំទ្រកម្ពុជា ពិតជាមានមោទកភាពខ្លាំង ។
បើនិយាយពីឈុត រាត្រីស្រមោលសវិញ បវរកញ្ញា MGI កម្ពុជា សុធីតា បានស្លៀកជាមួយនឹងឈុតច្នៃឡើង យ៉ាងពិសេសរំលេច ជាមួយពណ៌ទឹកមាស លម្អដោយត្បូងចែងចាំង ស័ក្ដិសមគ្មានទាស់ ជាមួយនឹងខ្លួន និងដំណើរ ព្រមជាមួយការតុបតែង ផាត់មុខ ម៉ូតសក់ដ៏ទាក់ទាញទៀតនោះ ធ្វើឱ្យនាងកាន់តែលេចធ្លោខ្លាំង លើឆាកអន្តរជាតិមួយនេះ។ បើក្រឡេកមកមើលឈុត ហែលទឹកឯណេះវិញ សុធីតា បានផ្លាស់ប្ដូរទាំងដំណើរ ទាំងទឹកមុខ ដើរយ៉ាងស្វាហាប់ បញ្ចេញរាងដ៏ស្រឡូន ដើរកាច់បង្អួតរាង ជាមួយនឹងកាយវិការដ៏រស់រវើក ពោរពេញដោយបទពិសោធ មិនសរសើរមិនបាន ៕ Source: Sabay