ភ្នំពេញ៖ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត មុននេះបន្តិច បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយលោកបានបញ្ជាក់ការពិតមួយថា លោក និងលោកអភិបាលស្រុកបន្ទាយស្រី ដ៏ល្បីឈ្មោះតាមពិតគឺជាមិត្តសម្លាញ់នឹងគ្នា ។
កំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជារូបនេះ បានបង្ហោះរូបថតកៀកកើយស្និទ្ធស្នាលជាមួយលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រកបដោយទឹកមុខរីករាយបំផុត ។ ហើយក្នុងនោះលោក ខេមរៈ សិរីមន្ត បានបង្ហាញថា រវាងលោក និង លោក ឃឹម ហ្វីណង់ គឺជាមិត្តភក្ដិរាប់អានគ្នាជិត ២០ឆ្នាំមកហើយ គ្រាន់តែមិនសូវបានជួបមុខគ្នា ព្រោះរវល់ការងាររៀងខ្លួន ។
ជាមួយគ្នានេះដែរ ក៏ឃើញមានអ្នកគាំទ្រជាច្រើន បានសរសេរនៅក្នុងប្រអប់បញ្ចេញមតិ(Comment) បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះពុំធ្លាប់មានអ្នកដឹងច្រើនឡើយពីរឿងនេះ ។
លោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា ។ លោកជាកូនប្រុសបង្កើតរបស់លោក ឃឹម ប៊ុនសុង ដែលជាអតីតអភិបាលខេត្តសៀមរាប ។ លោកត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ប្រកាសតែងតាំងលោកជាជាអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បន្ទាប់ពីចូលកាន់តំណែង លោក ឃឹម ហ្វីណង់ បានក្លាយជាអភិបាលស្រុកមួយរូបដែលមានវ័យក្មេងបំផុតដែលពោរពេញទៅដោយសមត្ថភាព និងគំនិតអភិវឌ្ឍន៍ថ្មី គួរឱ្យសើសើរ ។ បច្ចុប្បន្នលោកកំពុងទទួលបានការរស្រឡាញ់ពេញចិត្តជាខ្លាំងពីសំណាក់ប្រជាជនស្រុកបន្ទាយស្រីដែលរស់នៅក្រោមការមើលថែ និងការដឹកនាំរបស់លោក ។
ងាកមកតារាចម្រៀង ខេមរៈ សិរីមន្ត វិញឃើញថា ក្រៅពីមានឈ្មោះល្បីល្បាញ និងក្លាយជាកំពូលតារាចម្រៀងប្រុសជួរមុខនៅក្នុងប្រទេសហើយនោះ មួយរយៈចុងក្រោយនេះឃើញថា លោកបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការអភិវឌ្ឍប្រទេស ។
តួយ៉ាងកាលពីជាង ១ខែមុននេះ លោក ខេម ប៊ុនថៃ ហៅ ខេមរៈ សិរីមន្ដ បានឧបត្ថម្ភថវិការរហូតទៅដល់ ២លានដុល្លារ សម្រាប់ ស្ថាបនាផ្លូវ ប្រវែង២២គីឡូម៉ែត្រ និង កាយប្រព័ន្ធទឹកប្រវែង១២គីឡូម៉ែត្រ ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ត បន្ទាយ មាន ជ័យ ។ ហើយការណ៍នេះផងដែរលោកត្រូវបានអ្នកគាំទ្រ និងមហាជនជាច្រើនស្ញើចសរសើរចំពោះទឹកចិត្តដ៏ធំធេថមួយនេះ ។ ដូច្នេះ ក្រោយពីលោកបានបង្ហាញថា ខ្លួនជាមិត្តរបស់លោក ឃឹម ហ្វីណង់ ភ្លាមក៏មានអ្នកគាំទ្រជាច្រើនបានលើកឡើងថា ពួកគេពិតជាសមជាមិត្តភក្ដិនឹងគ្នាខ្លាំងណាស់ ៕ ដោយ៖ ម៉ានី