ភ្នំពេញ៖ ចាប់តាំងពីពេលចែកផ្លូវគ្នា រហូតមកដល់បច្ចុប្បន្ន កញ្ញា ហ្វាហ្វា នៅពុំទាន់មានឱកាសបានថតបទចម្រៀងរួមគ្នាជាមួយនាយ ចឺម ដូចអ្វីដែលអ្នកដឹកនាំចង់បាននោះទេ ដោយសារម្នាក់ៗព្យាយាមគេចមុខរៀងៗខ្លួន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនៅក្នុងពេលនេះ កញ្ញានៅតែអះអាងថា ទំនាក់ទំនងនាងនិងគ្រួសារ នាយ ចឺម នៅស្និទ្ធស្នាលដូចមុន ទោះបីជាពួកគេទាំង២បានចែកផ្លូវគ្នាយូរខែមកហើយក្តី ។
ជាការពិតណាស់ សកម្មភាពរបស់ ហ្វាហ្វា បានស្ដែងឱ្យឃើញថា នាងមិនមែនត្រឹមតែមិនអាក់អន់ជាមួយអ្នកនាង សេង សុខឃីម ដែលជាមនុស្សថ្មីឆក់ស្នេហាពីដៃប៉ុណ្ណោះទេ ថែមទាំង នៅតែរក្សាមិត្តភាពជាបងប្អូនជាមួយគ្នាទៀតផង ។
ជាមួយគ្នានេះដែរ ថ្មីៗនេះស្រីស្អាត ហ្វាហ្វា បានផ្ដល់បទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកមួយ អំពីទំនាក់ទំនងរវាងនាង ជាមួយគ្រួសារនាយ ចឺម ថា នាងកំពុងសប្បាយរីករាយជាមួយនឹងជីវិតនៅម្នាក់ឯង ដោយគ្មានសម្ពាធ ពីនរណាម្នាក់ ទោះនាងចង់ធ្វើអ្វីក៏គ្មាននរណាកៀបសង្កត់ផ្លូវចិត្ត ។ ជាមួយគ្នានេះផងដែរ កញ្ញា ក៏ទទួលស្គាល់ផងដែរថា រវាងនាងនិង នាយ ចឺម បានបញ្ចប់ក៏ពិតមែន ប៉ុន្តែនាងនៅតែមានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារនាយ ចឺម ។កញ្ញា ហ្វាហ្វា បានសុំឱ្យទស្សនិកជនឈប់មានការយល់ច្រឡំចំពោះនាងតទៅទៀត ។
គួរឱ្យដឹងដែរថា ហ្វាហ្វា គឺជាតារាសម្ដែង និងម៉ូឌែល ដ៏លេចធ្លោម្នាក់នៅក្នុងសង្គមសិល្បៈ ហើយមួយរយៈចុងក្រោយនេះ ចាប់អារម្មណ៍ឃើញថា នាងហាក់ដូចជាកាន់តែមានសម្រស់ស្អាត ជាពិសេសទៅលើការស្លៀកពាក់កាន់សិចស៊ីខ្លាំងឡើងៗ ។
តារាស្រីរូបនេះ ចាប់ផ្ដើមធ្វើឱ្យមហាជនស្គាល់ច្បាស់ ក្រោយពីបានចាប់ដៃក្លាយជាគូស្នេហ៍របស់តារាចម្រៀង ចឺម ។ ប៉ុន្តែចំណងស្នេហ៍មួយនេះបានតែ ៣-៤ ឆ្នាំ ក៏បានរលាយទៅវិញនៅមួយរយៈ ខ្លីចុងក្រោយនេះ ហើយលោក ចឺម ក៏កំពុងផ្ដើមស្នេហ៍ថ្មីយ៉ាងល្អូកល្អិនជាមួយអ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម ៕
ដោយ៖ ម៉ានី