សិល្បៈ និង កម្សាន្ត

តាមពិតផ្ទះសំណាក់! មានតាំងពីសម័យព្រះបាទជ័យវរ្ម័នទី៧ ពេញអាណាចក្រក្រោមហេតុផលវិសេសមួយសម្រាប់រាស្រ្ត

ផ្ទះសំណាក់ ត្រូវបានឃើញមាននៅពាសពេញទីកន្លែងនានាទូទាំងកម្ពុជា ប៉ុន្តែបងប្អូនប្រជាពលរដ្ឋប្រហែលមិនទាន់មិនដឹងថា វាចាប់កំណើតតាំងពីពេលណា និងចាប់ផ្តើមយ៉ាងដូចម្តេចតាមរបៀបណានោះឡើយ។

យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម ត្រង់គាថា១២២ ១២៣ ១២៤ ១២៥ និង១២៦ បានឱ្យដឹងថា នៅតាមដងផ្លូវទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពិបុរាណវិញមានធម្មសាលាចំនួន១២១ ដែលព្រះរាជាសម័យនោះគឺព្រះបាទជ័យវរ្ម័ន ទី៧ បានកសាងសម្រាប់ឱ្យប្រជាពលរដ្ឋ ជាផ្ទះសំណាក់ស្នាក់អាស្រ័យបណ្តោះអាសន្ន ក្នុងកំឡុងពេលគេធ្វើដំណើរឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ឬពីអាណាខែត្រមួយទៅអាណាខែត្រមួយទៀត។ នៅក្នុងធម្មសាលានីមួយៗមានភ្លើងសម្រាប់ឱ្យភ្ញៀវដុតបំភ្លឺបានថែមទៀតផង។

នៅតាមដងផ្លូវនានា នាសម័យនោះ ព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងសាលាសំណាក់ជាច្រើនទៀតរួមមាន៖

• សាលាសំណាក់ចំនួន៥៧ ពីរាជបុរីដល់បុរីពិម៉ាយ។

• សាលាសំណាក់ចំនួន១៧ ពីរាជបុរីដល់ជ័យវតី ពីជ័យវតីដល់ជ័យសិង្ហវតី ពីជ័យសិង្ហវតីដល់ជ័យវីរវតី ពីជ័យវីរវតីដល់ជ័យរាជគិរី ពីជ័យរាជគិរីដល់ស្រីសុវីរបុរី។

• សាលាសំណាក់ចំនួន៤៤ ពីក្រុងស្រីសុវីរបុរី ដល់យសោធបុរ និងមានសាលាសំណាក់១នៅស្រីសូរ្យបព៌ត(ភ្នំជីសូរ) ១នៅស្រីវិជយាទិត្យបុរ ១ទៀតនៅកល្យាណសិទ្ធិក។ ដោយសាលាសំណាក់នីមួយៗមានប្រដាប់សម្រាប់បង្កាត់ភ្លើងផងដែរ។

សរុបមកព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់បានកសាងធម្មសាលា ឬសាលាដំណាក់ដែលជាផ្ទះសំណាក់ សម្រាប់ផ្តល់ឱ្យអ្នកដំណើរ ឬទេសចរ ស្នាក់នៅក្នុងអំឡុងពេលគេធ្វើដំណើរឆ្លងកាត់មានចំនួន ១២១ នៅទូទាំងប្រទេស។ ផ្ទះសំណាក់នាសម័យនោះ មិនត្រូវបានគិតប្រាក់ពីភ្ញៀវទេ ហើយក៏គ្មានបម្រើអ្វីច្រើន ក្រៅពីការផ្តល់នូវប្រដាប់ សម្រាប់បង្កាត់ភ្លើងបំភ្លឺនាពេលរាត្រីដែរ។ ការផ្តល់នូវភ្លើងសម្រាប់បំភ្លឺពេលយប់ ត្រូវគ្រប់គ្រងដោយអាចារ្យម្នាក់ ដែលជាពុទ្ធបរិស័ទជាសក្ខីភាពបង្ហាញពីសីលធម៌ ព្រមទាំងការប្រោះប្រណីពោរពេញ ទៅដោយសប្បុរសធម៌របស់ព្រះមហាក្សត្រខ្មែរ ចំពោះអាណាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ស្រទាប់វណ្ណៈ។គេហៅផ្ទះសំណាក់នាសម័យនោះថា សាលាធម៌ ដំណាក់ សាលាដំណាក់ ឬសាលាសំណាក់។

នៅក្នុងកំណត់ហេតុរបស់ជីវ តាខ្វាន់ដែលបានមកដល់ប្រទេសកម្ពុជា នៅក្នុងកំឡុងឆ្នាំ ១២៩៨ ក៍បាននិយាយពីវត្តមាន របស់សាលាសំណាក់ទាំងនេះដែរ។ ចំពោះទំនៀមទំលាប់នៃការកសាងសាលាសំណាក់ នោះនៅក្នុងប្រទេសកម្ពុជាយើង មានបន្តរហូតមកដល់សព្វថ្ងៃ។ប៉ុន្តែចាប់តាំងពីសម័យក្រោយអង្គរមក ខ្មែរយើងតែងសង់ធម្មសាលា ឬសាលាដំណាក់ពីឈើតែប៉ុណ្ណោះ។ ទើបតែបច្ចុប្បន្នដែលយើងមានសាលាសំណាក់ខ្លះ ធ្វើពីឈើខ្លះ និងធ្វើពីថ្មខ្លះ។

មុននឹងកកើតសណ្ឋាគារប្រណីតៗឬ ផ្ទះសំណាក់ដែលសម្បូរបែបដូចបច្ចុប្បន្ន ខ្មែរធ្លាប់មានផ្ទះសំណាក់ តាំងពីរជ្ជកាលព្រះបាទជ័យវរ្ម័ន ទី៧មកម្ល៉េះ ដែលត្រូវបានកសាងសម្រាប់ឱ្យប្រជារាស្ត្រ ស្នាក់នៅបណ្ដោះអាសន្នដោយមិនគិតថ្លៃ និងពុំទាន់មានសេវាកម្មច្រើននៅឡើយទេ ពោលគឺមានមានតែការផ្ដល់នូវប្រដាប់ សម្រាប់បង្កាត់ភ្លើងសម្រាប់បំភ្លឺនៅពេលយប់តែប៉ុណ្ណោះ៕

Most Popular

To Top