សិល្បៈ និង កម្សាន្ត

ក្រោយបែកស្នេហ៍ ជាមួយតារាចម្រៀង ចឺម បានជាង ១ឆ្នាំ ទីបំផុតស្រីស្អាត ហ្វាហ្វា បង្ហាញមុខ អ្នកស្អំបេះដូងថ្មីហើយ

ភ្នំពេញ៖ គិតមកទល់ពេលនេះ មានរយៈប្រមាណជាង ១ឆ្នាំហើយ ដែលតារាចម្រៀង ចឺម និងតារាម៉ូឌែល ស្រីយី ហៅ ហ្វាហ្វា បានចែកផ្លូវគ្នា ។ ហើយបច្ចុប្បន្នលោក ចឺម ក៏កំពុងមានទំនាក់ទំនងស្នេហា យ៉ាងផ្អែមត្រជាក់ ជាមួយអ្នកមេម៉ាយ កូនមួយរូបស្រស់ម្នាក់ឈ្មោះ សេង សុឃីម ។

ជុំវិញនៃការប្រះឆារវាងអ្នកទាំងពីរ មកទល់ពេលនេះ ក៏ពុំទាន់ដឹងពីមូលហេតុដែរ ខណៈដែលលោក ចឺម និងកញ្ញា ហ្វាហ្វា ព្យាយាម មិននិយាយអ្វីទាំងអស់ ខុសពីតារាមួយចំនួន ដែលក្រោយពេលបែកគ្នាហើយ តែងតែហែកហួរគ្នា នៅលើបណ្ដាញសង្គម ។ ផ្ទុយទៅវិញគេទាំងពីរនាក់ នៅតែមានទំនាក់ទំនងគ្នាក្នុងមិត្តភក្ដិ ចំណែកគូស្នេហ៍ថ្មីរបស់នាង ចឺម ក៏ស្រឡាញ់ និងមានភាពស្និទ្ធស្នាលជាមួយ ហ្វាហ្វា ទៀតផង ។

យ៉ាងណាមិញ សម្រាប់ ហ្វាហ្វា ក្រោយពីបែកស្នេហ៍ជាមួយម្ចាស់បទ «សូមទោសប៊ិច សូមទោសសៀវភៅ» ហើយនោះ នាងហាក់ដូចជា ពុំដែលបង្ហាញអារម្មណ៍ ហ្មងសៅម្ដងណាឡើយ គ្រាន់តែពេលខ្លះនាងបង្ហោះរូបថត ទៅណាមកណាម្នាក់ឯង ក្នុងសភាពជាមនុស្សគ្មានស្នេហា ។ ប៉ុន្តែថ្មីៗនេះទស្សនិកជន បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះឥលូវនេះ ហ្វាហ្វា បានបង្ហាញជាសារណៈថា នាងរកឃើញអ្នកស្អំបេះដូងហើយ ជាមួយបុរសសង្ហាម្នាក់ រស់នៅសហរដ្ឋអាមេរិក ។

កាលពីយប់ម្សិលមិញនេះ ទស្សនិក ជាពិសេសអ្នកគាំទ្រ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី ហ្វាហ្វា បានបញ្ជាក់ពីទំនាក់ទំនងស្នេហារវាង និងបុរសម្នាក់មានគណនីហ្វេសប៊ុក ឈ្មោះ Sanan Sithadin នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។ ជាមួយគ្នានេះដែរ អ្នកគាំទ្រ និងមិត្តភក្ដិបានបង្ហាញមតិគាំទ្រ ព្រមទាំងអបអរសាទរយ៉ាងខ្លាំង ចំពោះដំំណឹងនេះ ។

គួរឱ្យដឹងដែរថា ហ្វាហ្វា គឺជាតារាសម្ដែង និងម៉ូឌែល ដ៏លេចធ្លោម្នាក់នៅក្នុងសង្គមសិល្បៈ ហើយមួយរយៈចុងក្រោយនេះ ចាប់អារម្មណ៍ឃើញថា នាងហាក់ដូចជាកាន់តែមានសម្រស់ស្អាត ជាពិសេសទៅលើការស្លៀកពាក់ កាន់សិចស៊ីខ្លាំងឡើងៗ ។

តារាស្រីរូបនេះ ចាប់ផ្ដើមធ្វើឱ្យមហាជនស្គាល់ច្បាស់ ក្រោយពីបានចាប់ដៃ ក្លាយជាគូស្នេហ៍របស់តារាចម្រៀង ចឺម ។ ប៉ុន្តែចំណងស្នេហ៍មួយនេះបានតែ ៣-៤ ឆ្នាំ ក៏បានរលាយទៅវិញ នៅមួយរយៈ ខ្លីចុងក្រោយនេះ ហើយលោក ចឺម ក៏កំពុងផ្ដើមស្នេហ៍ថ្មី យ៉ាងល្អូកល្អិនជាមួយ អ្នកមេម៉ាយសាច់ខ្ចី សេង សុឃីម៕ ដោយ៖ ម៉ានី

Most Popular

To Top