សិល្បៈ និង កម្សាន្ត

Update: ព័ត៌មានបន្ថែម ទាក់ទង នឹងករណីគ្រោះថ្នាក់ ចរាចរណ៍ស្លាប់ ឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា

ភ្នំពេញ ៖ ជារឿងដ៏តក់ស្ដុតបំផុតសម្រាប់តារាចម្រៀង សុវត្ថិឌី ធារិកា ដោយ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២២ នេះ បានជួបហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តធ្លាក់ ចូលទឹកប្រឡាយ នៅចំណុចស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យឪពុកម្ដាយរបស់ បេក្ខនារីក្នុងកម្មវិធី The Cambodian Idol រដូវ កាល ទី ១ រូបនេះស្លាប់បាត់បង់ជីវិតទាំងពីរនាក់ ។

យោងតាមប្រភពពីលោក អៀម វន្នី ដែលកំពុងនៅផ្ទាល់ជាមួយកញ្ញា សុវត្ថិឌី ធារិកា ក្នុងមន្ទីរពេទ្យបានប្រាប់មកកាន់ Lookingtoday តាមទូរស័ព្ទយ៉ាងដូច្នេះថា តារាចម្រៀង សុវត្ថិឌី ធារិកា រួមទាំងប្អូនប្រុស និងឪពុកម្ដាយ សរុបគ្នាប្រាំនាក់ បានត្រឡប់មកពីចូលរួមកម្មពិធី សម្ពោធសមិទ្ធិផល របស់សម្ដេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយបើកបររថយន្ត ប្រភេទ Lexus RX 300 ផ្លាកលេខ ភ្នំពេញ 2BJ-1672 ។

មកដល់ចំណុចកើតហេតុ (មិនចាំកន្លែង គ្រាន់តែដឹងថាស្ថិតនៅ ស្រុកឆែប ខេត្តព្រះវិហារ) វេលាម៉ោង ៣ រសៀល រថយន្តខាងលើ បានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ បណ្ដាលឱ្យឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ស្លាប់ទាំងពីរនាក់ ចំណែករូបនាង និងប្អូនប្រុស២នាក់ រួចផុតពីគ្រោះថ្នាក់ ។

យ៉ាងណាមិញ ចំពោះមូលហេតុលម្អិត ហេតុអ្វីបានជារថយន្តក្រឡាប់ធ្លាក់ចូលទៅក្នុងប្រឡាយនោះ លោក អៀម វន្នី ឆ្លើយពុំទាន់បានឆ្លើយឡើយដោយ កញ្ញា សុវត្ថិឌី ធារិកា ស្រែកប្រាប់ថា «កុំនិយាយអ្វី ជួយខ្ញុំផង» ហើយលោក អៀម វន្នី ក៏សូមទោស និងសុំបិទទូរស័ព្ទតែម្ដង ៕

ដោយ៖ ម៉ានី

Most Popular

To Top