កោះពោធិ៍ គឺជាកោះតូចមួយក្នុងចំណោមកោះទាំង១២ នៃដែនសមុទ្រខេត្តកែប ទៅហួសពីកោះទន្សាយបន្តិចតែប៉ណ្ណោះ ពោលគឺកោះនេះនៅមិនឆ្ងាយ ពីរាជធានីភ្នំពេញប៉ុន្មាននោះទេ ។




កោះពោធិ៍ជាកោះធម្មជាតិ ហ៊ុមព័ទ្ធដោយថ្មប៉ប្រះទឹក ខាងក្រោមទឹកសមុទ្រ មានផ្កាថ្ម សត្វសមុទ្រ រុក្ខជាតិសមុទ្រដ៏ស្រស់ត្រកាល អំណោយផលដល់ការស្រាវជា្រវប្រព័ន្ធបរិស្ថានជីវចំរុះ ហើយបងប្អូនអាច លេងទឹកឬហែលទឹក ជិះទូក ទស្សនាទេសភាពព្រៃភ្នំ គយគន់ថ្ងៃលិច បោះជំរុំឬបោះតង់ ជិះទូកកាយ៉ាក ម្ហូប និងចំណុចផ្សេងៗក៏បាន ពោលគឺទឹកសមុទ្រពណ៌ខៀវស្រងាត់ នៅលើកោះនេះបានទាក់ទាញ ភ្ញៀវទេសចរជាច្រើនឱ្យមកកម្សាន្ដជាហូរហែ។ មិនតែប៉ុណ្ណោះ ខ្យល់អាកាសបរិសុទ្ធ និងបរិយាកាសស្ងប់ស្ងាត់នៅទីនោះ នឹងជួយអោយលោកអ្នកអាច កាត់បន្ថយនូវភាពស្មុគស្មាញ និងភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ។




កោះពោធិ៍ សម្បូរទៅមរលកតូចៗ និងធាតុអាកាសធាតុត្រជាក់ស្រស់ស្រាយ ជាពិសេសក្នុងពេលរាត្រី ស្ងប់ស្ងាត់រួមជាមួយនឹងខ្យល់ជំនោរទឹករលកបោកបក់មកប៉ើយៗ ត្រជាក់ស្រេបគួរជាទីមនោរម្យ។ ភ្ញៀវទេសចរតែងតែមកសម្រាកកំសាន្តនាពេលចុងសប្តាហ៍ឬនៅពេលមានបុណ្យទានម្តងៗ យ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិឬក៏ក្រុមគ្រួសារ ដោយសារតែកោះនេះមិនសូវឆ្ងាយពីភ្នំពេញ និងមានទេសភាពគួរជាទីបេតី ដូចជាកោះដទៃទៀតផងដែរ ដែលមានចម្ងាយឆ្ងាយពីភ្នំពេញ។
សម្រាប់បងប្អូននៅតាមបណ្តាខេត្តផ្សេងៗ ឬនៅរាជថានីភ្នំពេញអាចសាកល្បង ធ្វើដំណើរកំសាន្តទៅលេងកោះមួយនេះបាន ដោយការធ្វើដំណើរទៅកោះនេះ និងត្រឡប់មកវិញ មិនលើសពី២០ទៅ២៥ ដុល្លារនោះទេ។ កោះនេះនៅជិតទីក្រុងកែបនិងមានសុខសុវត្ថិភាពខ្ពស់ នៅពេលធ្វើដំណើរតាមទូក ហើយជាពិសេសភ្ញៀទេសចរណ៍ អាចស្នាក់កំសាន្តនៅលើកោះ ជាមួយអារហារឆ្ងាញ់ៗ និងតម្លៃសមរម្យជាមួយ អ្នកកោះថែមទៀតតផង។ លើសពីនេះទៅទៀត ភ្ញៀវទេសចរក៏ អាចបោះតង់ដោយខ្លួន នៅលើកោះថែមទៀតផង។ សូមបញ្ជាក់ សម្រាប់ទីតាំងនៃកោះនេះ គឺស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីក្រុងកែប។



ប្រភព៖ Sabay
