បើសិនជាអ្នកទៅទស្សនាប្រាសាទបុរាណខ្មែរនៅតំបន់អង្គរ ពិសេសប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទមួយចំនួនទៀត អ្នកប្រាកដជាឃើញដើមឈើមួយប្រភេទមានរាងរលោង និងសម្បុរស ដែលអ្នកស្រុកហៅថា ដើមស្ពុង។ ដើមស្ពង់”មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ហើយដើមឈើប្រភេទនេះជាប្រភេទដើមឈើ ដែលឆាប់ធំ ហើយក៏ឆាប់ស្លាប់ទៅវិញដែរ។


ដើមនេះអាចរស់នៅបានប្រហែលជា២៥០ឆ្នាំទៅ ៣០០ឆ្នាំ ហើយបើធៀបទៅនឹងដើម ឈើផ្សេងៗនៅក្នុង តំបន់អង្គរគឺវាមានអាយុខ្លីមែនទែន ហើយឈើប្រភេទនេះយើងមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹម ឬរបស់របរមានតំលៃបានឡើយ ព្រោះគុណភាពរបស់វាមិនសូវល្អ ហើយជាធម្មតាគេទុកវា សម្រាប់ដុតតែប៉ុណ្ណោះ។

បើតាមលោក បូ សុភា ជាមគ្គុទេស ដើមស្ពុង មានលក្ខណៈពិសេសមួយទៀតនោះ គឺដើមឈើប្រភេទនេះ ដុះតែនៅកន្លែងណា ដែលមានថ្មតែប៉ុណ្ណោះ ជាក់ស្តែងដូចនៅក្នុងតំបន់អង្គរអញ្ចឹងគឹ វាដុះនៅលើប្រាសាទ ពីលើចុះទៅក្រោម។

នៅក្នុងរដូវប្រាំង ដើមឈើប្រភេទនេះជម្រុះស្លឹករបស់វាទាំងអស់ព្រោះពួកវាមិនអាចទ្រាំរស់នៅបានទេ ប្រសិនបើទុកស្លឹកនៅជាប់នឹងខ្លួន។ ពួកវានឹងលាស់ស្លឹកវិញនៅរដូវវស្សា ដោយពេលខ្លះភ្ញៀវដែលចូល ទស្សនាគិតថាដើមឈើទាំងនោះស្លាប់អស់ហើយ តែតាមពិតគឺមិនមែននោះទេ៕
