ភ្នំពេញ ៖ បេក្ខជន Cambodia Idol រដូវកាលទី៤ កាន់តែធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំង ខណៈការប្រកួតឈាន ដល់វគ្គ Live Show ដែលប្រមូលផ្តុំទៅដោយបេក្ខជនខ្លាំងៗ ជាច្រើនរូបពោរពេញ ដោយសមត្ថភាព ។

ក្នុងនោះ បេក្ខជន ថុល សុភិទិ ហាក់ផ្ទុះការចាប់អារម្មណ៍ ពីមហាជនមិនធម្មតា បន្ទាប់ពីបកស្រាយបទចម្រៀងមួយបទ មានចំណងជើងថា «មិនអាចឃាត់ទេ» ពីសំនៀងដើម លោក ម៉ម ពេជ្ជរិទ្ធ សូម្បីតារាល្បីៗជាច្រើនបានស៊ែរលើកទឹកចិត្ត ពោលសរសើរមិនដាច់ពីមាត់ ឯគណៈកម្មការវិញ ក៏ពេញចិត្តញញឹមបិទមាត់មិន ជិតតែម្តង ជាពិសេសគឺគណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា។

ទន្ទឹមនឹងការចាប់អារម្មណ៍ របស់បេក្ខជនរូបនេះ មែនទែនទៅ ថុល សុភិទិ ធ្លាប់បាន ចូលរួមប្រកួតក្នុងកម្មវិធីនេះ ម្តងរួចមកហើយកាលពីរដូវកាលទី៣ ក្នុងឆ្នាំ២០១៨ ដែលពេលនោះលោកមានវ័យ១៩ឆ្នាំ ប៉ុន្តែលោកមិនបានក្លាយជា ម្ចាស់ជ័យលាភីឡើយ ហើយលោក ក៏បាននិយាយដែរថា កាលនោះ សមត្ថភាពរបស់លោកនៅស្ទើរ មានភាពខ្វះខាតច្រើន ។

យ៉ាងណាមិញ រយៈពេល៤ឆ្នាំ បន្ទាប់ពីការប្រលងលើកទី១ បេក្ខជន ថុល សុភិទិ ធ្វើឱ្យសន្ធឹកគាំទ្រផ្ទុះ កាន់តែខ្លាំងមហាជនស៊ែរភ្លូកទឹកភ្លូកដី បន្ទាប់ពីដុសខាត់សមត្ថភាព របស់ខ្លួនបន្ថែមរយៈពេលកន្លងមកនេះ៕
ដោយ៖ ម៉ានី
