ភ្នំពេញ៖ តារាចម្រៀង ពេជ្រ សូលីកា ត្បិតតែធ្លាប់បាននិយាយថាមិនបោះបង់អាជីពសិល្បៈ បើទោះជានាងមានប្ដី និងកូន រួចទៅហើយនោះក្ដី ប៉ុន្តែជាក់ស្ដែងកាលគ្រានៅជ្រកក្រោមប្រអប់ដើមទ្រូងលោក គឹម ហាន ដែលជាអតីតស្វាមី នាងហាក់ពុំដែលបង្ហាញខ្លួន នៅឆាកតន្ត្រីម្ដងណាឡើយ សូម្បីតែកម្មវិធីទូរទស្សន៍ ក៏កម្រនឹងឃើញមុខដែរ បានត្រឹមចូលរួមកម្មវិធីធំៗ និងសំខាន់ៗ របស់មិត្តភក្ដិរួមអាជីព និងថតប្រូមូតផលិតផល ក្នុងនាមជាទូតសុឆន្ទះប៉ុណ្ណោះ ។

ផ្ទុយស្រឡះពីមួយរយៈចុងក្រោយនេះ ទស្សនិកជនមានឱកាសជាថ្មីបានឃើញវត្តមាន និងស្ដាប់សំនៀង ពេជ្រ សូលីកា ឡើងឆាកតន្ត្រីម្ដងទៀត ហើយជាងនេះទៅទៀតនាងក៏បានចូលរួមយ៉ាងញឹកញាប់បំផុតមិនថាជាកម្មវិធីប្រគុំតន្ត្រីតូច ឬធំឡើយ ដោយនេះជាសញ្ញាមួយបង្ហាញឱ្យឃើញថា សូលីកា អាចនឹងចាប់យកអាជីពចាស់នេះ ពេញដៃជើងឡើងវិញ ក្រោយពីប្រកាសចែកផ្លូវជាមួយ អតីតស្វាមីជាអ្នកជំនួញវ័យក្មេង ។

ជាមួយគ្នានេះផងដែរ អ្វីដែលទស្សនិកជនចាប់អារម្មណ៍ទៀតនោះ គឺក្រោយពីបានអាក់ខានមិនឡើង ឆាកអស់រយៈពេលយូរឆ្នាំមកនេះ ឃើញថាពេលបង្ហាញខ្លួនឡើងវិញ ពេជ្រ សូលីកា កាន់តែមានសម្រស់ស្រស់ស្អាត សាច់សខ្ចី ទឹកដមសំនៀង កាន់តែពិរោះ ជាពិសេសពេលនេះ នាងក៏ពុងទទួលបានការគាំទ្រខ្លាំង ក្នុងការបកស្រាយបទចម្រៀង «ឬគិតថាអូននេះមិនចេះយំ» ។

គួរបញ្ជាក់ផងដែរថា ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គឹម ហាន ជា អាណិកជនខ្មែរមកពីអូស្រ្ដាលី ដែលជាអ្នកច្នៃម៉ូដ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយនាងបានសម្រាលកូនប្រុសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដោយដាក់ឈ្មោះកូនថា ហង្ស អ៊ារីវេស្ដេ ។ កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ លោក គឹម ហាន បានបញ្ជាក់យ៉ាងច្បាស់ នៅលើគនណីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា ជីវិតប្ដី-ប្រពន្ធ អ្នកទាំងពីរបានបញ្ចប់ហើយ ប៉ុន្តែពួកគេនៅតែរាប់អានគ្នា ជាមិត្តភក្តិ និងនៅតែបន្តតួនាទីជាឪពុក-ម្តាយ ល្អរបស់កូនប្រុស។

ជុំវិញមូលហេតុរហូត នាំឱ្យមានការបែកបាក់ ចែកផ្លូវគ្នានេះ បើទោះជាអ្នកទាំងពីរ មិនបញ្ជាក់ ប៉ុន្តែមហាជនបានត្រឹម តែសោកស្តាយជំនួសនូវ ចំណងស្នេហ៍អ្នកទាំងពីរ ដែលធ្លាប់បានខិតខំតស៊ូ លំបាកជាមួយគ្នា ប៉ុន្តែចុងក្រោយនៅតែបែកគ្នា ៕




ដោយ៖ ម៉ានី
