ព្រះសីហនុ៖លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាជូនជីដូនមួយរូប ដែលជិះរថយន្តមកពីសៀមរាប ស្កាត់មករកជួបលោកឧកញ៉ាដោយផ្ទាល់ នៅក្រុងព្រះសីហនុ កាលពីថ្ងៃ១០ ខែមករា ឆ្នាំ២០២៣ ដើម្បីសុំឲ្យលោកឧកញ៉ាជួយ ដោយសារក្នុងគ្រួសាររបស់លោកយាយ មានធុរៈត្រូវដោះស្រាយ ។
តាមការលើកឡើងរបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា ជីដូនមកនេះគឺស្នើសុំកង់មួយគ្រឿង ឲ្យចៅរបស់គាត់ ដើម្បីដោះស្រាយទុក្ខធុរៈ ហើយឮដំណឹងថា លោកឧកញ៉ា នឹងមានការជួបជុំបុគ្គលិកក្រុមហ៊ុនដោយផ្ទាល់ នៅក្រុងព្រះសីហនុនោះ គាត់ក៏ស្កាត់ពីខេត្តសៀមរាប មករង់ចាំជួបដើម្បីស្នើសុំ ឲ្យលោកឧកញ៉ាជួយ ។
ក្រោយស្តាប់ការរៀបរាប់របស់ជីដូនរូបនេះ ដោយការអាណិតអាសូរ លោកឧកញ៉ាទៀ វិចិត្រ ក៏បានឧបត្ថម្ភថវិកាសរុបចំនួន ១៣០០ដុល្លារ ក្នុងនោះ ១២០០ដុល្លារ សម្រាប់ទិញកង់ និង១០០ដុល្លារទៀត ជូនជីដូនថ្លៃធ្វើដំណើរត្រឡប់ទៅខេត្តសៀមរាបវិញ។
បន្ទាប់ពីទទួលបានជំនួយនេះ ជីដូនបានលើកដៃសំពះ បួងសួងទេវតា ឲ្យជួយបីបាច់ថែរក្សាលោកឧកញ៉ា ទៀ វិចិត្រនិងគ្រួសារ ជាមួយនិងសេចក្តីថ្លែងអំណរគុណ ពីការឧបត្ថម្ភ ដល់គ្រួសារជីដូន ដែលមានធុរៈនេះ៕







