អាមេរិក ៖ សារព័ត៌មាន City News បានរាយការណ៍ថា តារាភាពយន្តអាសអាភាស លោក Ron Jeremy ត្រូវបានប្រកាសថា គ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការកាត់ក្តីនៅទីក្រុង Los Angeles លើការរំលោភសេពសន្ថវៈ និងការចោទប្រកាន់ផ្លូវភេទ ផ្សេងទៀត ដែលពាក់ព័ន្ធនឹងស្ត្រី ២១ នាក់ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
លោក Jeremy អាយុ ៦៩ ឆ្នាំបានសារភាពថា គ្មានកំហុសកាលខែសីហា ឆ្នាំ ២០២១ ចំពោះការរំលោភ ផ្លូវភេទច្រើនជាង ៣០ ករណី រួមទាំងការរំលោភ ១២ ដងនៅតំបន់ Los Angeles ក្នុងរយៈពេល ២៣ ឆ្នាំ ហើយលោកបានជាប់ពន្ធនាគារ ចាប់តាំងពីចាប់ខ្លួន ក្នុងខែមិថុនា ឆ្នាំ ២០២០ ។ នេះបើយោងតាមសារព័ត៌មាន Associated Press ថា ចៅក្រមតុលាការកំពូល នៅទីក្រុង Los Angeles លោក Ronald S Harris បាននិយាយនៅក្នុង សវនាការថា លោកបានកំណត់ដោយផ្អែក លើរបាយការណ៍ របស់ព្រះរាជអាជ្ញា និងមេធាវីការពារក្តី របស់លោក Jeremy ថា តារាសម្តែងរូបនេះ បានទទួលរងជំងឺសរសៃ ប្រសាទមិនអាចព្យាបាលបាន ។
មេធាវី Stuart Goldfarb ដែលតំណាងឲ្យលោក Jeremy បានប្រាប់តុលាការ កាលខែមីនា ឆ្នាំ២០២២ ថា កូនក្តីរបស់លោកមិន អាចទទួលស្គាល់ លោកបានទេ នៅពេលលោកបានទៅសួរសុខទុក្ខ គាត់ក្នុងបន្ទប់ឃុំឃាំង មុនពេលសវនាការ របស់តុលាការ ។
លោក Goldfarb និងតំណាងការិយាល័យមេធាវី Los Angeles មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពី Reuters កាលពីថ្ងៃអង្គារ។ សារព័ត៌មាន Associated Press បាននិយាយថា សវនាការអំពីថា តើត្រូវដាក់លោក Jeremy នៅក្នុងមន្ទីរពេទ្យរដ្ឋមួយនឹងត្រូវធ្វើឡើងនៅខែក្រោយ។
លោក Jeremy គឺស្ថិតក្នុងចំណោមឈ្មោះដ៏ធំបំផុត ក្នុងឧស្សាហកម្មភាពយន្ត សម្រាប់មនុស្សពេញវ័យ ដោយបានបង្ហាញខ្លួន ក្នុងខ្សែភាពយន្តជាង ២០០០ ចាប់ផ្តើម នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ៕