វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បវរកញ្ញាពិភពលោក នាង Mina Sue Choi របស់ប្រទេសកូរ៉េខាងត្បូង បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាលើកដំបូង ក្នុងដំណើរអាជីវកម្មក្នុងសប្តាហ៍នេះ។
នាង Choi ត្រូវបានស្វាគមន៍ដោយតារាសម្តែង Truong Ngoc Anh ប្រធានគណៈកម្មាធិការរៀបចំការប្រលងបវរកញ្ញាពិភពលោកវៀតណាមឆ្នាំ ២០២៣ នៅពេលនាងមកដល់អាកាសយានដ្ឋាន Tan Son Nhat ក្នុងទីក្រុងហូជីមិញកាលពីយប់ថ្ងៃអាទិត្យ។
នាង Choi បាននិយាយថា ខ្ញុំរីករាយណាស់ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងមានអារម្មណ៍ថា មានបដិសណ្ឋារកិច្ចរបស់មនុស្សគ្រប់គ្នា។ បេក្ខនារីរូបស្រស់នឹងចូលរួមក្នុងសន្និសីទសារព័ត៌មានដើម្បីប្រកាសការប្រកួតបវរកញ្ញាពិភពវៀតណាមឆ្នាំ ២០២៣ នៅថ្ងៃពុធ។
លើសពីនេះ នាងនឹងចូលរួមក្នុងព្រឹត្តិការណ៍សហគមន៍មួយចំនួន មុនពេលត្រឡប់ទៅកូរ៉េខាងត្បូង វិញនៅថ្ងៃទី ២២ ខែកក្កដា។
នាង Choi អាយុ ២៤ ឆ្នាំបានគ្រងមកុដបវរកញ្ញាផែនដីឆ្នាំ ២០២២ នៅប្រទេសហ្វីលីពីនកាលពីខែវិច្ឆិកាឆ្នាំមុន។
នាងបានបញ្ចប់ការសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកូរ៉េខាងត្បូង ហើយធ្លាប់ជាតារាម៉ូដែល។
នាងនិយាយភាសាអង់គ្លេស បានស្ទាត់ជំនាញ ហើយបានរស់នៅក្នុងប្រទេសជាច្រើនរួមមាន ចិន អូស្ត្រាលី អាមេរិក និងកាណាដា។
នៅឆ្នាំ ២០២១ នាងបានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតបវរកញ្ញាកូរ៉េ។
ព្រឹត្តិការណ៍ Miss Earth Vietnam លើកទីមួយត្រូវបានកំណត់ពេលសម្រាប់ឆ្នាំ ២០២១ ប៉ុន្តែត្រូវបានលុបចោលដោយសារជំងឺរាតត្បាត Covid-19។ ការប្រកួតបវរកញ្ញាផែនដីលើកដំបូងត្រូវបានរៀបចំឡើងក្នុងឆ្នាំ ២០០១ ដោយក្រុមហ៊ុន Carousel Productions Inc. នៃប្រទេសហ្វីលីពីន៕ ដោយ៖លី ភីលីព