សិល្បៈ និង កម្សាន្ត

បុរសដែលគប់ទឹកកក លើតារាចម្រៀងរ៉េប ជី ដេវីត បានចេញមុខទទួលស្គាល់កំហុស និងសំទោសជាសាធារណៈ

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ឃី ឆៃឡេង ដែលជាអ្នកគប់ទឹកកកលើលោក ងួន ចាន់ដាវីត នៅក្នុងផាប់មួយកន្លែងកាលពីប៉ុន្មានថ្ងៃមុន បានចេញមុខទទួលស្គាល់កំហុស និងសំទោសជាសាធារណៈ ចំពោះអកប្បកិរិយាមិនសមរម្យរបស់ខ្លួន ។

ការចេញមុខសំទោសជាសាធារណៈនេះ ធ្វើឡើងបន្ទាប់ពីតារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេ​វី​ត បាន​ប្រកាស​ទុកពេល ​៨​ម៉ោង ឲ្យ​ជន​បង្ក​ដែល​បាន​គប់​ទឹកកក​មក​លើ​រូប​លោក​ ក្នុង​ហាង​ផាប់​មួយ​កន្លែង ចូលខ្លួនមកដោះស្រាយ។

តាមរយៈសារសុំទោសជាសាធារណៈ ដែលបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១ សីហា លោក ឃី ឆៃឡេង បានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ ឃី ឆៃឡេង សូមធ្វើការសុំទោសជាសាធារណះទៅកាន់លោក ជី ដេវីត តារាចម្រៀងរ៉េបនៃព្រះរាជាណាចក្រកម្ពុជា ក៌ដូចជាហ្វេនរបស់លោកទាំងអស់គ្នាផងដែរ ដោយរូបខ្ញុំបាទបានប្រព្រឺត្តខុសកាលពីយប់ថ្ងៃទី២៩ចូលថ្ងៃទី៣០កន្លងមកនៅក្នុងផាប់មួយនៅក្នុងខេត្តព្រះសីហនុដែលអមដោយរូបភាព និងអកប្បកិរិយាមិនសមរម្យទៅដល់លោក ជី ដេវីត និង ហ្វេនៗរបស់គាត់ដ៌ទៃទៀត​» ។

លោកបន្តថា «ខ្ញុំបាទសូមទទួលស្គាល់នូវកំហុសខុសឆ្គងទាំងអស់ដែលបានប្រព្រឹត្ត ហើយក៌សូមសន្យាថានិងមិនអោយមានទង្វើរបែបនេះកើតឡើងម្តងទៀតឡើយ។ ជាថ្មីម្តងទៀតសូមលោក ជី ដេវីត និង ហ្វេនៗផ្តល់នូវការអភ័យទោសដល់រូបខ្ញុំបាទបានកែប្រែសារជាថ្មី! សូមទទួលនូវការសុំទោស និង គោរពពីខ្ញុំបាទ!បញ្ជាក់៖ មិត្តនៅរួមតុខ្ញុំទាំងអស់ពួកគាត់មិនដឹងរឿងទាំងនេះទេ» ។

ប្រវត្តិនៃដំណើររឿង៖ តារាចម្រៀង​រ៉េបល្បីឈ្មោះ ជី ដេ​វី​ត ទុក​ពេល ​៨​ម៉ោង ឲ្យជន​បង្ក​ដែល​គប់​ទឹកកក ​លើ​រូប​លោក​ចូលខ្លួនមកដោះស្រាយ

​ភ្នំពេញ៖ តារាចម្រៀងរ៉េបល្បីឈ្មោះ ងួន ចាន់ដាវីត ហៅជី ដេ​វី​ត បាន​ប្រកាស​ទុកពេល ​៨​ម៉ោង ឲ្យ​ជន​បង្ក​ដែល​បាន​គប់​ទឹកកក​មក​លើ​រូប​លោក​ ក្នុង​ហាង​ផាប់​មួយ​កន្លែង ចូលខ្លួនមកដោះស្រាយ។

ការប្រកាសរបស់តារាចម្រៀងរ៉េបរូបនេះ ធ្វើឡើងបន្ទាប់ពីរូបលោកកំពុងតែច្រៀង នៅក្នុងផាប់មួយកន្លែង កាលពីម៉ោង ១២:៤១​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣ មានបុរសម្នាក់បានយកដុំទឹកកក គប់មកលើរូបលោក ។

លោក ជី ដេ​វី​ត បាន​បញ្ជាក់តាមហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១ សីហានេះថា «​ថ្ងៃនេះ បន្ទាប់​ពី​ខ្ញុំ​បាន​មើល Security Video ខ្ញុំ​ពិតជា​តក់ស្លុត និង​ហួសចិត្ត​ជាមួយ​អាកប្បកិរិយា​គួរ​អោយ​ខ្ពើ​.​ម​រអើម​ពោរពេញ​ដោយ​ការ​មើល​ងា​.​យ ជិះជាន់​តម្លៃ​មក​លើ​រូប​ខ្ញុំ​ជា​អ្នកសិល្បៈ​ខ្លាំង​ណាស់ គឺ​ខ្លាំង​ហួស​ពី​ការ​ស្មាន​។ និយាយ​ដោយ​ស្មោះត្រង់ ក្នុង​ពេល​នេះ​ចិត្ត​ខ្ញុំ​ក៏​ចង់​លើកលែង ក៏​មិន​ចង់​បន្ត​ផុស សឹងតែ​ថាអោយ​កន្លង​ហួស ហើយ​ក៏​ចប់​ទៅ​ចុះ ប៉ុន្តែ​ដោយ​កម្លាំង​អ្នកគាំទ្រ និង​មហាជន ខ្ញុំ​មិន​អាច​ប្រើប្រាស់​ចិត្ត​ប្រណី​របស់ខ្ញុំ​ចំពោះ​មនុស្ស​ដែល​មានចិត្ត​ពា​.​ល​ដូច​អ្នក​បាន​នោះ​ទេ វា​ហាក់ដូចជា​មិន​គប្បី​ទាល់តែ​សោះ បើ​ខ្ញុំ​នៅ​តែ​ចចេស​ចង់​លើកលែង​»​។

លោក​បន្តថា «​ខ្ញុំ​ជា​មនុស្ស​រឹង​មាំ គ្រប់​បញ្ហា​តែ​ខ្ញុំ​ក៏​មាន បេះដូង​ឈឺចាប់​នឹង​ទ​ង្វើ​ថោ​.​ក​ទាប​បែប​នេះ​ដែរ ដោយហេតុ​ខ្ញុំ​ផ្ទាល់​បាន​ជួប​រឿង​នេះ ខ្ញុំ​នឹង​ក្រោកឈរ​ជា​សិល្បករ​ម្នាក់ ដើម្បី​លុប​បំបាត់​ការ​មើល​ងា​.​យ មើល​ថោ​.​ក​ដល់​សិល្បករ និង​សិល្ប​ការិនី​ដទៃ​ទៀត ក៏​ដូច​ជា​ក្រោកឈរ ដើម្បី​មហាជន និង​អ្នកគាំទ្រ​របសខ្ញុំ​។ ខ្ញុំ​សូម​អរគុណ​បងប្អូន ខ្ញុំ​ពិតជា​មាន​ភាព​កក់ក្តៅ​ពី​អ្នកគាំទ្រ​ដែល​ឈឺឆ្អាល​សុខទុក្ខ​របស់ខ្ញុំ ខ្ញុំ​សង្ឃឹមថានឹង​មាន​វិធានការ​ចំពោះ​ជន​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា ជន​នេះ​នឹង​ចូលខ្លួន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​អ្នកគាំទ្រ​របស់ខ្ញុំ និង​មហាជន ពី​ទ​ង្វើ​ថោ​.​ក​ទាប​របស់​ខ្លួន ហេតុ​ដែល​ខ្ញុំ​និយាយ​ដូចនេះ ពិត​ណាស់​ពាក្យសុំ​ទោស​របស់​ជន​នេះ​ចំពោះ​ខ្ញុំ គឺ​វា​មិន​មាន​តម្លៃ​អ្វី​អាច​ផ្សះផ្សារ​អារម្មណ៍​ឈឺចាប់​របស់ខ្ញុំ​បាន​ទេ បើ​ផ្អែក​ទៅ​ឥរិយា​យ​បទ​អ្នកក្លាហាន​ក្រោម​មេឃ​របស់​គេ​»​។

លោក​បញ្ជាក់ថា «​ខ្ញុំ​នឹង​ផ្តល់​ជូន Video ពេញ​សម្រាប់​បងប្អូន បើ​គ្មាន​ដំណោះស្រាយ​ក្នុង​ពេល​៨​ម៉ោង រាប់​ចាប់ពី​ការ​ផុស​រូប​មួយ​សន្លឹក​នេះ​ទៅ​។ ការ​ពិត​ខ្ញុំ​មិន​ចង់​បន្សល់​ទុក​ដាន​ឈឺចាប់​នៅ​ក្នុង Page របស់ខ្ញុំ​ទេ នេះ​ទឹកកក ចុះបើ​កៅអី ចុះបើ​ដប កែវ ចាន ចុះបើ​មិន​ត្រូវ​តែ​ខ្ញុំ​ហើយ​ថែម​ទាំង​ត្រូវ​បងប្អូន​អ្នក​ដែល​បាន​មក​គាំទ្រ​ខ្ញុំ? ទោះជា​ឈា​ម​ខ្មៅ​មួយ​តួខ្លួន​របស់​អ្នក​ក៏​មិន​អាច​សងគ្រប់​ផង​»​។

តារាចម្រៀងរ៉េបរូបនេះបន្ថែមថា «​ក្នុង​រូបភាព​ខាងក្រោម​នេះ ជា​ផ្នែក​មួយ​នៃ​អាកប្បកិរិយា​របស់​បុរស​កំណា​ច​ក្នុងអំឡុងពេល​ដែល​ខ្ញុំ​កំពុង​ច្រៀង​នៅ​ម៉ោង (១២:៤១​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣) ជន​បង្ក​គឺ​បុរស​សង្ហា​លើកដៃ​ម្រាម​កណ្តាល​នោះ​ឯង​។ ខ្ញុំ​សូម​អរគុណ​ដល់ PUB ដែល​បាន​សហការ​ផ្តល់​ជា Video ដល់​ខ្ញុំ ខ្ញុំ​ពិតជា​អរគុណ​សម្រាប់​តឹកតាង​ដ៏​សំខាន់​នេះ​។ ដោយ​ក្តី​គោរព​ស្រលាញ់​ចំពោះ​បងប្អូន និង​មហាជន​ ។ ពីខ្ញុំបាទ ងួន ចាន់ ដាវីត»​ ៕

Most Popular

To Top