សិល្បៈ និង កម្សាន្ត

យ៉ែម ស្រីពេជ្រ ប្រាប់មូលហេតុ ចង់មានសង្សារ ច្រើនជាងមានស្វាមី ភ្ជាប់ចំណង អាពាហ៍ពិពាហ៍

តារាសម្ដែង និងជាពិធីការិនី យ៉ែម ស្រីពេជ្រ កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងរង្វង់អ្នកសិល្បៈ ហើយសម្រស់វិញក៏នៅតែស្រស់ស្អាត បើទោះបីជាគិតត្រឹមឆ្នាំ២០២៣ នេះ នាងមានវ័យជិត ៣០ឆ្នាំទៅហើយក្ដី ។ បច្ចុប្បន្ន ស្រីពេជ្រ ចាប់ផ្ដើមបើកបេះដូងទទួលយកបុរសក្នុងក្ដីស្រម៉ៃ ប៉ុន្ដែមិនមែនជាស្វាមី ឬដៃគូជីវិត ដែលត្រូវភ្ជាប់ចំណង អាពាហ៍ពិពាហ៍ឡើយ ។

ក្នុងបទសម្ភាសន៍ កាលពីពេលថ្មីៗ យ៉ែម ស្រីពេជ្រ អះអាងថា ខ្លួនមិនធ្លាប់មានសង្សារ ឬគូកំណាន់ចិត្ដ នៅឡើយ បើទោះបីជាកន្លងទៅ មានអ្នកគាំទ្រមួយចំនួន យល់ច្រឡំថាកញ្ញា និងពូណុយ មានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នាក្ដី ។ ដោយមិនចង់ដាក់គំនាបខ្លួន ក្នុងវ័យដែលកំពុងប្រឹងប្រែងរកលុយកាក់ និងឆ្លៀតសប្បាយក្នុងជីវិតផងនោះ ស្រីពេជ្រ ថាបច្ចុប្បន្នសុខចិត្ដ មានសង្សារ ប្រសើរជាងមានស្វាមី។

យ៉ែម ស្រីពេជ្រ៖ “និយាយទៅបេះដូងបើករាល់ថ្ងៃ…តែបើដៃគូជីវិតហ្មង! បើបែបជារស់នៅគូស្វាមីភរិយា សម្រាប់ខ្ញុំឥឡូវនេះ គឺអត់ទាន់គិតដល់ទេ ព្រោះខ្ញុំគិតថា បើមានត្រឹមជាសង្សារ យើងអាចរស់នៅជាមួយគ្នាបាន ហើយរបៀបថា បើយើងមានរឿងអី អាចដោះស្រាយងាយស្រួល ជាងចំណងអាពាហ៍ពិពាហ៍”

បើតាមតារាស្រីរាងតូចច្រឡឹង កម្ពស់បានរូបនេះ បុរសក្នុងក្ដីស្រម៉ៃ គឺត្រូវតែម៉ឺងម៉ាត់ រួសរាយរាក់ទាក់ ចេះស្រឡាញ់រាប់អានអ្នកនៅជុំវិញខ្លួន និងមិនសូវលេងសើចច្រើនពេក ព្រោះនាងគឺមនុស្សពូកែលេងសើចម្នាក់ស្រាប់ទៅហើយ ដូច្នេះការរស់នៅជាមួយគ្នាក្នុងភាពជាសង្សារ ឬដៃគូជីវិត គឺត្រូវតែមានម្នាក់គត់មុត និងម្នាក់ទៀតពូកែលេងសើច ទើបជីវិតគូមានន័យ។ ទន្ទឹមគ្នានេះ ស្រីពេជ្រ ក៏ប្រកាសថានឹងដាក់គំនាបខ្លួនឡើយ ដោយប្រើពាក្យថា៖ “កុំបង្ខំឲ្យខ្លួនឯងមានប្ដី ឬជាប់ចំណងរៀបការ ហើយធ្វើបាបចិត្ដខ្លួនឯង”៕

Most Popular

To Top