តារា K-Pop ជើងចាស់ប្រចាំវិស័យ PSY បានចូលរួមកម្មវិធីប្រគំតន្ត្រី “Summer Swag” នៅ Suwon Wolrd Cup Stadium កាលពីថ្ងៃទី ២៥ ខែសីហាកន្លងទៅ ព្រមទាំងបានលើកឈ្មោះ Suga ទៀតផង។
គេនៅចាំមិនទាន់ភ្លេចថា ថ្មីៗនេះ Suga មានរឿងក្រោយគេចាប់បានថាជិះម៉ូតូអគ្គិសនី Scooter ទាំងស្រវឹងកាលពីថ្ងៃទី ០៦ ខែសីហា ។ ក្រោយប៉ូលីសពិនិត្យដឹងថា តារាប្រុសរូពនេះមានជាតិស្រវឹងក្នុងខ្លួនក៏បាននាំលោកទៅប៉ុស្តិ៍ប៉ូលីស ដែលនៅជិតនោះ និងរកឃើញមានកម្រិតស្រវឹង ០,២២៧% ក្នុងឈាម។
កាលពីថ្ងៃទី ២៣ ខែសីហា លោកក៏បានបង្ហាញមុខនៅស្ថានីយប៉ូលីស Yongsan Police Station ហើយជាមួយគ្នានោះ លោកក៏បានសរសេរសារសុំទោសចំពោះអ្វីដែលបានកើតឡើងដែរ។
ដោយឡែកឈានដល់ថ្ងៃទី ២៥ ខែសីហា អំឡុងពេលសម្ដែងក្នុងកម្មវិធី Summer Swag តារាចម្រៀង PSY ក៏បានលើកយកបទ “That That” ដែលជាស្នាដៃផលិតជាមួយ Suga។ តារាជើងចាស់ដដែលបានលើកឈ្មោះ Suga ដោយបញ្ជាក់ថា៖ «ខ្ញុំពិតជាអរគុណដោយស្មោះចំពោះ Suga ដែលបានបង្កើត និងច្រៀងបទនេះជាមួយខ្ញុំ»។ គ្រាន់តែឮភ្លាម គ្រប់គ្នានាំគ្នាស្រែកហ៊ោឡើងខ្ទរខ្ទារ។
ស្របពេលមានរឿងកើតឡើងថ្មីៗនេះ ច្បាស់ណាស់ផ្លូវចិត្តរបស់ Suga ពិតជារងនូវការប៉ះពាល់យ៉ាងខ្លាំង ហើយពេលនេះក៏ជាពេលដែលមនុស្សជាទីស្រឡាញ់របស់លោកទាំងអស់នៅជិតលោកដែរ។ កម្លាំងចិត្ត និងពាក្យលួងលោមរបស់គ្រប់គ្នាប្រៀបដូចជាថ្នាំទិព្វ និងអ្វីដែលមានតម្លៃបំផុតនៅពេលនេះសម្រាប់ Suga៕