សិល្បៈ និង កម្សាន្ត

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យគណៈប្រភូ តិកីឡារាំ ជួបសម្តែងការគួរសម

ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា និងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី និងក្រុមកីឡាករ-កីឡាការិនីរាំកម្ពុជាជួបសម្តែងការគួរសម នារសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ ប្រធានសហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងគណៈកម្មាធិការប្រតិបត្តិ ទីប្រឹក្សា គ្រូបង្វឹក កីឡាករ -កីឡាការិនីឆ្នើម និងជម្រើសជាតិចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំ ។

លោកស្រី ហង់ ស៊ីមនបានបន្តថា សហព័ន្ធជម្រាប់ជូនលោកស្រីបណ្ឌិតសភាចារ្យសម្រាប់ក្រុមអត្តពលិករាំដណ្តើមមេដាយសរុបចំនួន១៧គ្រឿង ក្នុងនោះមេដាយមាស៤ ប្រាក់៦ និងសំរឹទ្ធ៧គ្រឿង ហើយអត្តពលិកកម្ពុជា ក៏បានជាប់ចំណាត់ថ្នាក់លេខ៤ លេខ៥ និងលេខ៦ ក៏ទទួលបានលិខិតសរសើរ ។

បើទោះបីជានេះជាសមិទ្ធផលមេដាយ កើតចេញពីការខិតខំប្រឹងប្រែង របស់កីឡាករ-កីឡាការិនីរាំកម្ពុជា យកមកជូនជាតិ ពីព្រឹត្តិការណ៍អន្តរជាតិ នៅប្រទេសវៀតណាម មាន ២៦ ប្រទេសចូលរួម ក៏លោកមើលឃើញ ពីចំណុចខ្វះខាតមួយចំនួន ដែលយើងត្រូវបន្តការខិតខំហ្វឹកហាត់ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រួចឆ្ពោះទៅចូលរួមការប្រកួតអន្តជាតិនានា នាពេលខាងមុខ ជាពិសេសគោលដៅចូលរួមប្រកួតកីឡា SEA GAME លើកទី៣៣ នាឆ្នាំ២០២៥ខាងមុខ នៅប្រទេសថៃ ។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងការគាំទ្រ និងស្ងើចសរសើរ ចំពោះសហព័ន្ធ ដែលបានទទួលមេដាយមាស ប្រាក់ និងសំរិទ្ធិជាបន្តបន្ទាប់ក្នុងការប្រកួតចង្វាក់រាំ កម្រិតពិភពលោកនាពេលកន្លងមក៕
ដោយ៖លី ភីលីព

Most Popular

To Top