បវរកញ្ញារូបស្រស់ អ៊ិន លក្ខិណា បានចាកចេញពីព្រះរាជណាចក្រកម្ពុជាឆ្ពោះទៅប្រទេសវៀតណាម នាព្រឹកមិញនេះ ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Cosmo 2024 ដែលវៀតណាមទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។

រូបភាព៖ ហ្វេសប៊ុក Miss Cosmo
តាមការបញ្ជាក់របស់ លក្ខិណា នេះជាលើកទី១ ដែលនាងមានឱកាសតំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ។ នាងបានហ្វឹកហាត់ពង្រឹងសមត្ថភាពជាច្រើន រួមទាំងការប្រើប្រាស់ភាសាផងដែរ។ បើនិយាយពីការរៀបចំខ្លួនវិញ Miss Cosmo Cambodia 2024 មិនឱ្យចាញ់គេដាច់ខាត ដោយនាងបានត្រៀមឈុតសម្លៀកបំពាក់ប្រមាណជាង ១០០ឈុតសម្រាប់ប្រើប្រាស់អំឡុងពេលប្រកួតប្រជែងនេះ។

រូបភាព៖ ហ្វេសប៊ុក In Leakena
ការត្រៀមសម្លៀកបំពាក់ច្រើនបែបនេះ គឺដើម្បីតម្រូវតាមកម្មវិធីផ្សេងៗរបស់ការប្រកួត។ ម៉្យាង នាងចង់ឱ្យប្រាកដថា នាងត្រូវតែធ្វើបានល្អគ្រប់វគ្គទាំងអស់ មិនឱ្យ អ្នកស្រី អ៊ឹម សុគន្ធា ជាអ្នកគ្រប់គ្រងថ្នាក់ជាតិ ខកបំណងដែលជ្រើសរើសនាងជាបវរកញ្ញាតំណាងប្រទេសកម្ពុជា។


រូបភាព៖ ហ្វេសប៊ុក In Leakena
Miss Cosmo Cambodia 2024 ប្តេជ្ញានាំយកអ្វីល្អៗពីប្រទេសកម្ពុជាយើងទៅបង្ហាញពិភពលោក តាមរយៈវេទិកា Miss Cosmo 2024 ហើយនាងត្រៀមកម្លាំងកាយកម្លាំងចិត្តសម្រាប់ការប្រកួតប្រជែងលើកឆាកអន្តរជាតិជាលើកទី២នេះជាស្រេចហើយ។
ឆ្លៀតឱកាសនេះ កញ្ញា អ៊ិន លក្ខិណា ក៏អំពាវនាវឱ្យពុកម៉ែបងប្អូនបន្តបោះឆ្នោតគាំទ្ររូបនាង ដើម្បីនាងអាចមានឱកាសឈ្នះពាន COSMO’S PEOPLE’S CHOICE ឆ្ពោះទៅការជាប់ក្នុងវគ្គ Top10 ចុងក្រោយដោយស្វ័យប្រវត្តិតែម្តង។

រូបភាព៖ ហ្វេសប៊ុក In Leakena
ក្រឡេកទៅមើល អ្នកស្រី អ៊ឹម សុគន្ធា ជាអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Miss Grand Cambodia និងជាអ្នកទទួលបន្ទុកបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Cosmo 2024 បានបង្ហាញអារម្មណ៍រំភើបដែលឆ្នាំនេះកម្ពុជាយើងមានលទ្ធភាពបញ្ជូនបេក្ខភាពទៅប្រកួតកម្មវិធី Miss Cosmo ជាលើកដំបូង។ ផ្អែកតាមបទពិសោធន៍ ការតស៊ូប្រឹងប្រែង និងសមត្ថភាព អ្នកស្រីមានជំនឿចិត្តថា លក្ខិណា នឹងធ្វើបានល្អក្នុងការប្រកួតអន្តរជាតិនេះ ហើយអាចពាំនាំភាពជោគជ័យត្រឡប់មកមាតុប្រទេសវិញ។


រូបភាព៖ ហ្វេសប៊ុក Sokunthea Imm
អ្នកគ្រប់គ្រងថ្នាក់ជាតិរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូន និងអ្នកនិយមតាមដានកម្មវិធីបវរកញ្ញានៅកម្ពុជានឹងជួយបោះឆ្នោតគាំទ្រ និងចែករំលែកសកម្មភាពផ្សេងៗរបស់ លក្ខិណា អំឡុងពេលប្រកួត ដើម្បីឱ្យស្ថាប័នអន្តរជាតិមើលឃើញពីសក្កានុពលបវរកញ្ញាកម្ពុជាយើង។



រូបភាព៖ ហ្វេសប៊ុក In Leakena
អ្នកស្រី អ៊ឹម សុគន្ធា អះអាងមុខអ្នកសារព័ត៌មានសិល្បៈថា ប្រសិនបើឆ្នាំនេះ អ៊ិន លក្ខិណា មានលទ្ធភាពអាចចូលដល់វគ្គ Top ចុងក្រោយ អ្នកស្រីអាចនឹងពិចារណារៀបចំការប្រកួតថ្នាក់ជាតិសម្រាប់ Miss Cosmo នៅឆ្នាំក្រោយ ព្រោះអ្នកស្រីក៏ស្រលាញ់ និងបានតាមដានការប្រកួតនេះយូរមកហើយ។ ប៉ុន្តែ ការប្រកួតថ្នាក់ជាតិអាចកើតឡើងឬយ៉ាងណាក៏អាស្រ័យលើអ្នកសហការឧបត្ថម្ភ (sponsor) ព្រោះការរៀបចំការប្រកួតត្រូវចំណាយថវិកាច្រើន ហើយអ្នកស្រីមិនចង់រៀបចំកម្មវិធីតូចនោះទេ បើរៀបចំការប្រកួតគឺត្រូវតែធ្វើឱ្យធំឱ្យមានស្តង់ដា។

រូបភាព៖ ហ្វេសប៊ុក Sokunthea Imm
សូមជម្រាបថា ការប្រកួត Miss Cosmo 2024 ចាប់ផ្តើមពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។ រាត្រីផ្តាច់ព្រ័ត្រនៃកម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម៕

រូបភាព៖ ហ្វេសប៊ុក Miss Cosmo
