ចិន៖តារាសម្ដែងស្រីចិន Vicki Zhao ត្រូវបានគេមើលឃើញថា នាងបានធ្វើដំណើរកម្សាន្ត នៅអាកាសយានដ្ឋាន ជាច្រើនដងកាលពីពេលថ្មីៗនេះ ខណៈមានពាក្យចចាមអារ៉ាម អំពីការវិលត្រឡប់មកកាន់ វិស័យកម្សាន្តរបស់នាងវិញ បន្ទាប់ពីត្រូវបានហាមឃាត់រយៈពេល៣ ឆ្នាំ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។
យោងតាម 163 News បាននិយាយថា ថ្មីៗនេះ នាង Zhao ត្រូវបានគេប្រទះឃើញធ្វើដំណើរ ទៅកាន់ទីបេជាមួយ ក្រុមមិត្តភក្តិ។ លោក Paparazzi បានថតរូបនាងដោយមិន បានតុបតែង ខ្លួន និងពាក់វ៉ែនតា។ ថ្វីត្បិតតែនាងខំប្រឹង មិនឲ្យគេកត់សម្គាល់ក៏ដោយ ក៏នាងនៅតែត្រូវបាន ទទួលស្គាល់ដោយអ្នកជុំវិញខ្លួន។
បន្ទាប់ពីការធ្វើដំណើររបស់នាង Zhao បានត្រឡប់ទៅទីក្រុងប៉េកាំងវិញ ដោយស្លៀកពាក់ធម្មតា នៅពេលអ្នកសារព័ត៌មាន ចូលទៅជិតនាង នាងបានគ្រវីដៃ ហើយចាកចេញយ៉ាងលឿន ជៀសវាងសំណួរណាមួយ អំពីការវិលត្រឡប់មកវិញ។
Chinapress បានផ្សាយថា នាង Zhao ត្រូវបានគេឃើញកាលពីមុនត្រឡប់ពីដំណើរកម្សាន្តទៅកាន់ទីក្រុង Dali នៃខេត្ត Yunnan ជាកន្លែង ដែលនាងបានបង្ហាញស្នាមសាក់ថ្មីនៅលើកំភួន ដៃខាងស្តាំរបស់នាង។ នាង Zhao កាន់តែមានសកម្មភាព នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយថ្មីៗនេះបានចូលរួមជាមួយការបង្ហោះរបស់ Shu Qi, Leah Dou និង Ruby Lin ថែមទាំងសរសើរ Shu Qi ដោយហៅនាងថា “ស្អាតណាស់”។
កាលពីខែមីនា សារព័ត៌មាន China Times បានរាយការណ៍ថា គណនី Weibo របស់នាង Zhao ត្រូវបានដំណើរការ ឡើងវិញ បន្ទាប់ពីការផ្អាកជាយូរ ។ គួរកត់សម្គាល់ថា ស្នាដៃដ៏ពេញនិយមរបស់នាងដូចជា “Painted Skin” និង “My Fair Princess” ត្រូវបានដកចេញពីគេហទំព័រចិន បានលេចចេញជាថ្មី។ ផ្ទាំងរូបភាពភាពយន្តសម្រាប់ “My Fair Princess” នៅលើ Douban ឥឡូវនេះ បង្ហាញពីរូបភាពរបស់ Zhao ហើយឈ្មោះរបស់នាង ត្រូវបានចុះបញ្ជីម្តងទៀត នៅក្នុងតួសម្តែង។
អ្នកគាំទ្រជាច្រើនជឿថា ការវិវត្តទាំងនេះ បង្ហាញពីសក្តានុពលរបស់នាង Zhao ត្រឡប់មកកាន់វិស័យកម្សាន្ត។ Sina បានរាយការណ៍ថា ទោះជាយ៉ាងណាក៏ដោយ កាលខែមេសា ភាគហ៊ុនរបស់នាង Zhao ដែលមានតម្លៃ ៥ លានយ័ន (ប្រហែល ៧០០,០០០ដុល្លារអាមេរិក) នៅក្រុមហ៊ុន Hebao Entertainment Group Co ត្រូវបានបង្កកដោយតុលាការ ប្រជាជនកម្រិតមធ្យមទី ៤ របស់ទីក្រុងប៉េកាំងជាមួយ នឹងការបង្កកមានរយៈពេលរហូតដល់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៧ ៕