សិល្បៈ និង កម្សាន្ត

ប្រាក់ចំណូលរបស់នាង Han Kang ម្ចាស់ជ័យលាភី រង្វាន់ណូបែលច្រើនជាង ៥ដង នៃប្រាក់ចំណូល នាយកប្រតិបត្តិកំពូលក្នុងស្រុក

VN Express

កូរ៉េខាងត្បូង ៖ អ្នកវិភាគហិរញ្ញវត្ថុ កូរ៉េខាងត្បូង ប៉ាន់ប្រមាណថា ប្រាក់ចំណូលឆ្នាំ ២០២៤ របស់នាង Han Kang បន្ទាប់ពីការឈ្នះរង្វាន់ ណូបែល ផ្នែកអក្សរសាស្ត្រ នឹង មានចំនួនច្រើនជាង ៥ ដងនៃប្រាក់ចំណូល នាយកប្រតិបត្តិនៅ សាជីវកម្មក្នុងស្រុកឈានមុខគេទៅទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។

យោងតាម Nate បានប្រាប់ឲ្យដឹងថា នាង Han បានទទួលប្រាក់រង្វាន់ចំនួន ១១ លានក្រូណាស៊ុយអែត ស្មើនឹង ១.៤៤ ពាន់លានវ៉ុន (១.០៤ លានដុល្លារអាមេរិក) ពីមូលនិធិណូបែល ។ លើសពីនេះទៀត ការលក់សៀវភៅរបស់នាង ក្នុងប្រទេសកូរ៉េខាងត្បូង បានលើសពី ១ លានច្បាប់ ហើយត្រូវបានគេព្យាករណ៍ថា នឹងឈានដល់ ២ លានក្នុងពេលឆាប់ៗនេះ។

ជាធម្មតា អ្នកនិពន្ធទទួលបានប្រហែល ១០ ភាគរយ នៃតម្លៃសៀវភៅក្នុងមួយច្បាប់ ដែលបានលក់ ជាមួយនឹងសៀវភៅ នីមួយៗរបស់នាងជាមធ្យម ១៥,០០០វ៉ុន នាង Han រកបានប្រហែលទឹកប្រាក់ ១,៥ ពាន់លានវ៉ុនរួចហើយពី ១ លានច្បាប់ដែលបានលក់។ ថ្មីៗនេះនាងក៏ទទួលបានពានរង្វាន់ Ho-Am សម្រាប់សិល្បៈដែលផ្តល់រង្វាន់ ៣០០ លានវ៉ុន និងពានរង្វាន់ Pony Chung Innovation Award ដែលផ្តល់រង្វាន់បន្ថែម ២០០ លានវ៉ុន។

យោងតាមលោក Munhakdongne បាននិយាយថា ជាងនេះទៅទៀត នាង Han ទទួលបានអត្ថប្រយោជន៍ ពីការលក់សិទ្ធិបរទេស ដល់សៀវភៅរបស់នាង ។ ការងាររបស់នាងបាន ទាក់ទាញ ការយកចិត្តទុកដាក់កាន់តែខ្លាំង ឡើង នៅពិព័រណ៍សៀវភៅ Frankfurt ឆ្នាំ ២០២៤ នៅប្រទេសអាល្លឺម៉ង់ ជាព្រឹត្តិការណ៍ ដ៏សំខាន់បំផុតមួយ នៃឧស្សាហកម្មនេះ ។ ចាប់តាំងពីនាង ឈ្នះរង្វាន់ណូបែលមក តម្លៃនៃការផ្ទេរសិទ្ធិ បានកើនឡើង ៣ ដង ឬ ៤ ដង។

របាយការណ៍បង្ហាញថា ការទិញសៀវភៅរបស់នាង Han ដោយកាតក្រេឌីត បានកើនឡើង ៦០០ ដងចាប់តាំងពីនាង បានឈ្នះពានរង្វាន់ ។ ក្រៅពីការទិញសៀវភៅរបស់នាង អ្នកអានជាច្រើនក៏សម្រុក ទៅបណ្ណាល័យដើម្បីខ្ចី។ យោងតាមបណ្ណាល័យជាតិនៃប្រទេសកូរ៉េ សៀវភៅរបស់នាងHan ចំនួន ១១,៣៦៥ ច្បាប់ត្រូវបានខ្ចីនៅចន្លោះថ្ងៃទី ១០ និង ១៤ខែតុលា ដែលជាមធ្យមចំនួន ៣ ច្បាប់ក្នុងមួយនាទី ៕

Most Popular

To Top