តារាសម្ដែង និងជាពិធីករ សាយ សៀរ៉ា ដែលនៅរក្សាបានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់សិល្បៈ ប្រកាសជួបអ្នកគាំទ្រ និងសប្បុរសជននៅផ្សារទំនើប អូឡាំព្យា រយៈពេល ១ថ្ងៃពេញ ដើម្បីធ្វើបុណ្យរួមគ្នា តាមរយៈការបរិច្ចាគឈាមសង្គ្រោះជីវិតមនុស្ស។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ កាន់តែខិតជិតចូលមកដល់ សាយ សៀរ៉ា ក៏រវល់ខ្លាំងណាស់ដែរជាមួយការងារសិល្បៈ និងគ្រួសារផ្ទាល់ខ្លួន ប៉ុន្ដែលោកនៅតែឆ្លៀតចូលរួមការងារសង្គម ។ ជាក់ស្ដែងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ខានស្អែកនេះ រូបលោក និងអ្នកនាង នី មុនីនាថ ព្រមទាំងតារាមួយចំនួនទៀត នឹងធ្វើយុទ្ធនាការបរិច្ចាគឈាម ដោយមានការសម្ដែងសិល្បៈនៅក្នុងឱកាសនោះទៀតផង។
បន្ថែមលើការប្រកាសរបស់តារាសម្ដែង សាយ សៀរ៉ា ស្ថាបនិកមូលនិធិឈាម នី មុនីនាថ គឺអ្នកនាង នី មុនីនាថ បានជូនដំណឹងជាបន្ដបន្ទាប់ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ទៅកាន់អ្នកគាំទ្រ និងសប្បុរសជន ដែលមានទឹកចិត្ដចូលរួមបរិច្ចាគឈាម ដោយអ្នកនាងបានភ្ជាប់ ជាមួយពាក្យស្លោកមួយថា៖ “ចូលឆ្នាំហើយ តស់! ធ្វើបុណ្យរួមគ្នាដោយការបរិច្ចាគឈាម”។

បើតាមស្ថាបនិក មូលនិធីឈាម នី មុនីនាថ កម្មវិធីផ្ដល់ឈាម ស្របពេលនឹងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ គឺធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៩យប់ ថ្ងៃទី៦ ខែមេសា នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះក៏មានបង្ហាញជូននូវ ផ្ទាំងទស្សនីយភាពក្បាច់គុនល្បុក្កតោខ្មែរ ដែលសម្ដែងដោយកញ្ញា ពេជ្រ ចរណៃ និងក្រុមគុនល្បីៗជាច្រើនរូបទៀតផងដែរ៕
