ព័ត៌មានអន្តរជាតិ

វីដេអូ CCTV បង្ហាញពីសកម្មភាពរត់គេចខ្លួន ដ៏គួរឲ្យខ្លាចរបស់តារាសម្តែង ស្រីនាង Kim Gyu Ri ធ្វើឲ្យអ្នកលេងអ៊ីនធើណើត ភ្ញាក់ផ្អើលយ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូ CCTV បង្ហាញពីសកម្មភាព រត់គេចខ្លួនរបស់តារាសម្តែងជនជាតិកូរ៉េខាងត្បូងដ៏ពេញនិយម នាង Kim Gyu Ri ផ្ទះរបស់នាងត្រូវបានជនល្មើសម្នាក់លួចចូល ហេតុការណ៍នេះបានធ្វើឲ្យនាង Kim និងមិត្តរួមផ្ទះរបស់នាងរងរបួស ។

ជនល្មើសម្នាក់ អាយុ ៤០ ឆ្នាំ ត្រូវបានគេរាយ ការណ៍ថា បានលួចចូលទៅក្នុងផ្ទះរបស់តារាសម្តែង នៅម៉ោងប្រហែល ៩ យប់ ថ្ងៃទី ២០ ខែឧសភា ហើយបានទាមទារប្រាក់ ខណៈពេលកំពុងវាយប្រហារ មនុស្សនៅខាងក្នុងយ៉ាងឃោរឃៅ។ នៅពេលនោះនាង Kim Gyu Ri នៅជាមួយមិត្តរួមផ្ទះរបស់នាង ហើយស្ត្រី ២ នាក់បានរត់គេចខ្លួន ខណៈពេលដែលជនល្មើសកំពុងរវល់ ពួកគេបានរត់ចេញទៅខាងក្រៅដើម្បីសុំជំនួយ។

វីដេអូ CCTV នៃពេលនោះបានបង្ហាញថា នាង Kim Gyu Ri និងមិត្តរួមផ្ទះរបស់នាង កំពុងរត់ចេញទៅខាងក្រៅដោយជើងទទេរ ព្រោះពួកគេមិនមាន ឱកាសពាក់ស្បែកជើង ពេលរត់គេចខ្លួន ។ អ្នកទាំង ២ បានរត់ ដោយជើងទទេរកាត់ភ្លៀង ខណៈពេលដែលកំពុងសុំជំនួយពី យានយន្តដែលឆ្លងកាត់។សាក្សីម្នាក់បាននិយាយថា នាង Kim និងមិត្តរួមផ្ទះរបស់នាងបាន រត់មករកពួកគេ ដោយសុំឲ្យពួកគេទូរស័ព្ទទៅប៉ូលីស ដែលពួកគេបានទូរស័ព្ទ ទៅប៉ូលីសភ្លាមៗ។

ស្ត្រីទាំង ២ នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសជាំ និងបាក់ឆ្អឹងដោយសារ តែហេតុការណ៍នេះ។ ប៉ូលីសបានចាប់ផ្តើមការស៊ើបអង្កេតយ៉ាងឆាប់រហ័ស បន្ទាប់ពីទទួលបានរបាយការណ៍ពីប្រជាពលរដ្ឋ។ ជនសង្ស័យត្រូវបានចាប់ប្រគល់ខ្លួនឲ្យអាជ្ញាធរប្រហែល ៣ ម៉ោងក្រោយមក។ ប៉ូលីសកំពុងស៊ើបអង្កេតថា តើបទឧក្រិដ្ឋនេះ ត្រូវបានគ្រោងទុកជាមុនឬអត់ ហើយក៏កំពុងពិនិត្យមើលលទ្ធភាព នៃសំណើសុំដីកាឃុំខ្លួនផងដែរ៕

Most Popular

To Top