កូរ៉េខាងត្បូង ៖ យោងតាមសារព័ត៌មាន Star News បាននិយាយថា កូនប្រុសរបស់គូស្នេហ៍តារាចម្រៀងល្បីឈ្មោះ លោក Hong Seo Beom និងលោកស្រី Jo Gap Gyeong ថ្មីៗនេះបានចាញ់ក្តីនៅបណ្តឹងឧទ្ធរណ៍ ក្នុងបណ្តឹងទាមទារសំណង ដែលប្តឹងដោយអតីតភរិយារបស់គាត់ ត្រូវបានគេស្គាល់ថា ជាស្ត្រី A អំពីការបែកបាក់អាពាហ៍ពិពាហ៍របស់ពួកគេ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo ។
នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ តុលាការគ្រួសារ Daejeon បានសម្រេចគាំទ្រ អ្នកនាង A ដោយផ្នែកខ្លះ ក្នុងសវនាការប្តឹងឧទ្ធរណ៍សម្រាប់ការទាមទារសំណង របស់អ្នកនាងប្រឆាំង នឹងកូនប្រុសរបស់ លោកHong Seo Beom និងលោកស្រី Jo Gap Gyeong ជាបុរស B ប៉ុន្តែត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាកីឡាករបាល់ទាត់ Hong Seok Jun។
អ្នកនាង A បានដាក់ពាក្យបណ្តឹងជាលើកដំបូងកាលខែកញ្ញា ឆ្នាំ ២០២៤ ដោយអះអាងថា ទំនាក់ទំនងស្នេហារបស់ លោក Hong Seok Jun ក្នុងអំឡុងពេលរៀបការរបស់ពួកគេបានបណ្តាលឲ្យទំនាក់ទំនងរបស់ពួកគេបែកបាក់។ ជាពិសេស នាងបានអះអាងថា លោក Hong Seok Jun មានទំនាក់ទំនងមិនសមរម្យជាមួយគ្រូបង្រៀនម្នាក់ទៀត ត្រឹមតែមួយខែបន្ទាប់ពីនាងមានផ្ទៃពោះ។
ខែកញ្ញា ឆ្នាំ២០២៥ តុលាការដំបូងបានសម្រេចថា លោក Hong Seok Jun មានកំហុសចំពោះការបែកបាក់ទំនាក់ទំនង ហើយបានបញ្ជាឲ្យលោកបង់ប្រាក់ឧបត្ថម្ភចំនួន ៣០លានវ៉ុន (ប្រហែល ១៩,៥០០ដុល្លារអាមេរិក) ក៏ដូចជាប្រាក់ឧបត្ថម្ភកូនចំនួន ៨០០,០០០វ៉ុន (ប្រហែល ៥២១ដុល្លារអាមេរិក) ក្នុងមួយខែ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី A បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ដោយអះអាងថានាងមិន អាចទទួលយកបានទេ។ ក្នុងអំឡុងពេលដំណើរការប្តឹងឧទ្ធរណ៍ ភាគីទាំង ២ នាក់ បានបន្តប៉ះទង្គិចគ្នាលើបញ្ហានានា រួមទាំងការអសកម្មរបស់ លោក Hong Seo Beom និង លោកស្រី Jo Gap Gyeong និងថាតើប្រាក់ឧបត្ថម្ភកូន ត្រូវបានបង់ឬអត់។
នៅពេលភាពចម្រូងចម្រាសកាន់តែកើនឡើង លោក Hong Seo Beom និងលោកស្រី Jo Gap Gyeong បានចេញសេចក្តីសុំទោសជាសាធារណៈទាក់ទងនឹងបណ្តឹងលែងលះរបស់កូនប្រុសរបស់ពួកគេ។ ប្តីប្រពន្ធនេះក៏បានបញ្ជាក់ថា ពួកគេនឹងណែនាំកូនប្រុសរបស់ពួកគេឲ្យបំពេញកាតព្វកិច្ចរបស់លោក៕
