កូរ៉េខាងត្បូង ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កូនស្រីរបស់តារាសម្តែង កូរ៉េខាងត្បូងម្នាក់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីជាច្រើន ហើយត្រូវបានគេស្គាល់ថា នាងមានមុខមាត់ដូចនាង Haerin សមជិកក្រុមតារាចម្រៀងនារី NewJeans បានក្លាយជាប្រធានបទនៃការពិភាក្សា សម្រាប់ការឆ្លើយតបដ៏ម៉ឺងម៉ាត់ របស់នាងចំពោះមតិយោបល់ ដែលមានគំនិតអាក្រក់។
នាថ្ងៃទី ៦ ខែកក្កដា កូនស្រីវ័យជំទង់របស់កំពូលតារាសម្តែងកូរ៉េខាងត្បូង លោក Jung Woong In គឺនាង So Yoon បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងដែលកំពុងទៅទស្សនាសួនកម្សាន្តមួយក្នុងឯកសណ្ឋានសិស្សសាលា។
រូបភាពរបស់នាង ទាក់ទាញចំណាប់ អារម្មណ៍ ចំពោះសម្រស់ដ៏ល្អឥតខ្ចោះរបស់នាង ត្រូវបានចែករម្លែកយ៉ាង ឆាប់រហ័សនៅលើសហគមន៍ អនឡាញ និងទស្សនាវដ្តី ដោយអ្នកលេងអ៊ីនធើណេតជាច្រើន បានសរសើររូបរាងរបស់នាងថាអាចប្រៀបធៀបទៅនឹងតារាសម្តែងម្នាក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ម្នាក់បានបន្សល់ទុកមតិយោបល់អវិជ្ជមានដោយនិយាយថា “ការវះកាត់កែសម្ផស្សមើលទៅចម្លែក” ដែលបណ្តាលឲ្យមានការមិនពេញចិត្ត។
ជាការឆ្លើយតប នាង So Yoon បានថត និង ចែករម្លែកមតិយោបល់នោះ ដោយឆ្លើយតបជាមួយនឹងការ កត់សម្គាល់ដ៏ឈ្លាសវៃមួយថា “ចំពោះព័ត៌មាន មន្ទីរពេទ្យ វាគឺជាម៉ាក់ និងប៉ារបស់ខ្ញុំ” ដោយបដិសេធការសង្ស័យ អំពីការវះកាត់កែសម្ផស្ស ។ នាងបានបង្ហាញដោយប្រយោលថា នាងជាសម្រស់ធម្មជាតិដែលទទួល មរតកពីឪពុកម្តាយរបស់នាង ហើយបានស្តីបន្ទោសយ៉ាងខ្លាំងចំពោះការជ្រៀតជ្រែកដ៏ឈ្លើយនេះ៕
