យុទ្ធនាការសប្បុរសធម៌ «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១១ ខែវិច្ឆិកា បានចាប់ផ្តើមដំណាក់កាលទី ២ នៃការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន ២០០០ កេសជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក បណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា៖ «មូលហេតុដែលយើងបន្តបរិច្ចាគដំណាក់កាលទី ២ ដោយសារតែការបរិច្ចាគកន្លងមក ពិតជាជំនួយមួយផ្នែកដល់មន្ទីរពេទ្យ និងផ្តល់កម្លាំងចិត្តជាខ្លាំង ដល់ក្រុមគ្រូពេទ្យ ក្នុងដំណើរការទប់ស្កាត់ ការរីករាលដាល់នៃជំងឺកូវីដ-១៩។ ម៉្យាងទៀត នេះគឺស្របទៅនឹងគោលតម្លៃ របស់ក្រុមហ៊ុនយើង ក្នុងការបរិច្ចាគត្រឡប់ទៅសង្គមវិញ ពិសេសពេលសង្គមជួបការលំបាក»។

ដំណាក់កាលទី ១ បានចាប់ផ្តើមកាលពីកក្កដា ឆ្នាំ ២០២១ ហើយដំណាក់កាលទី ២ នេះ នឹងចាប់ផ្តើមដោយការបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាសរុបចំនួន៤០០ កេស ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ចំនួន ១០០កេស មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ១០០កេស មណ្ឌលសុខភាព ជ្រោយចង្វារ ចំនួន ១០០កេស និងមណ្ឌលសុខភាព ឃ្មួញ ចំនួន ១០០កេស។
ក្រុមហ៊ុននឹងបរិច្ចាគជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព ចំនួន១៦បន្ថែមទៀត ជាបន្តបន្ទាប់គ្នា រួមមាន៖ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន, មណ្ឌលសុខភាពផ្សារដើមថ្កូវ, មណ្ឌលសុខភាព ទួលគោក, មន្ទីពេទ្យបង្អែកចតុមុខ, មណ្ឌលសុខភាព សាមគ្គី, មណ្ឌលសុខភាព បឹងធំ, មណ្ឌលសុខភាពស្ទឹងមានជ័យ, មណ្ឌលសុខភាព ព្រៃវែង, មណ្ឌលសុខភាព ពញាពន់, មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ, មណ្ឌលសុខភាព គីឡូម៉ែត្រលេខ៩, មណ្ឌលសុខភាព ព្រែកឯង, មន្ទីរពេទ្យបង្អែកអង្គស្នួល និងមណ្ឌលសុខភាពចាក់អង្រែ៕





