ជើងខ្លាំងប្រដាល់គុនខ្មែរ ចំនួន១២រូប បានឈ្នះការប្រកួតជម្រុះ កាលពីចុងសប្តាហ៍មុន និងអាចឈានជើងចូលរួម ក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំ មិនធ្លាប់មានពីមុនមក នៅកម្ពុជាឈ្មោះថា «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» ដែលនឹងចាប់ផ្តើម ក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ អស់រយៈពេលជាច្រើនម៉ោង នៅលើស្ថានីយទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី (TOWN FULL HDTV) រួចមក ជើងខ្លាំងទម្ងន់ ៦៣.៥គីឡូក្រាម ចំនួន១២រូប នឹងត្រូវត្រៀមខ្លួន ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និងប្រាក់លានសរុប ១២០លានរៀល។
ជើងខ្លាំងទាំងនេះរួមមាន៖ ១) ម៉ន ព្រហ្មម៉ាញ មកពីក្លិបកងចក្ររាជសី ២) កន ចន្ថា មកពីក្លិបអភិរក្សគុនខ្មែររុងរឿង ៣) ចាន់ ប៊ុនហឿន មកពីក្លិបថ្មគោលខណ្ឌពោធិ៍សែនជ័យ ៤) សោម ពិសិដ្ឋ មកពីក្លិបអេភូថងកីឡា ៥) ខុន បូឡា មកពីក្លិបនរាយតេជៈ ៦) រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក ៧) ធន់ ចាន់តាក់ មកពីក្លិបកងយោធពលខេមរភូមិន្ទ ៨) ឡុង បេនលឿន មកពីក្លិបសាលវន្តកីឡា ៩) សួន ចាន់នី មកពីក្លិបបក្សីស្លាបដែក ១០) សោម វិច្ឆ័យ មកពីក្លិបវិបុលដារិទ្ធ ១១) អេលីត សុខហ៊ុច មកពីក្លិបនាយកដ្ឋានអង្គរក្ស ១២) ផល សោភ័ណ្ឌ មកពីក្លិបតាលីដំរីមានរិទ្ធ។
ជើងខ្លាំងគុនខ្មែរទាំងនេះ សុទ្ធតែជាកីឡាករល្បីៗ ដែលមានបទពិសោទធន៍ ប្រកួតច្រើនដងដែលនឹងធ្វើឲ្យកម្មវិធី «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» កាន់តែទាក់ទាញ និងជក់ចិត្តជាខ្លាំង។
កីឡាករប្រដាល់ទាំង១២រូបនេះ នឹងត្រូវបែងចែកជា២ក្រុមផ្សេងគ្នា។ កីឡាករនីមួយៗនឹងធ្វើដំណើរ ទៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីបន្តប្រកួតជម្រុះ និងសន្សំពិន្ទុឈានទៅដណ្តើមខ្សែក្រវាត់ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើង នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស» រៀបចំឡើងដោយស្ថានីយទូរទស្សន៍ថោន ក្រោមការឧបត្ថម្ភផ្តាច់មុខ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីចូលរួមអភិរក្សក្បាច់គុនខ្មែរ ផ្តល់នូវផ្ទាំងទស្សនិយភាព ជាការកម្សាន្តជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្ត ដល់កីឡាករដែលស្រលាញ់ និងខិតខំថែរក្សាសិល្បៈវប្បធម៌មួយនេះ៕











