Event

ក្រុមហ៊ុន Mingyang Guo Ji គ្រុបឧបត្តម្ថរថយន្ត HONGQI ១គ្រឿងជូនកម្មវិធីប្រឡងសំនៀង ជនពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២

ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានឧបត្ថម្ភរថយន្តម៉ាក HONGQI HS5 ចំនួន ១ គ្រឿងជូនក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី២ ដើម្បីចូលរួមចំណែកកិច្ចការសប្បុរសធម៌ជាមួយប្រជាជនកម្ពុជា ជាពិសេសជនមានពិការភាព ធ្វើយ៉ាងណាឱ្យកម្មវិធីប្រឡងសំនៀងជនពិការពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះទទួលបានជោគជ័យ។

ពិធីផ្ទេរនិងប្រគល់រថយន្ត HONGQI HS5 បានប្រារព្ធឡើងនាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការក្រុមហ៊ុន Mingyang Guo Ji គ្រុប រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

លោក Zhu Shuai អគ្គនាយកក្រុមហ៊ុន Mingyang Guo Ji គ្រុបបានមានប្រសាសន៍ថា ក្រុមហ៊ុនមានវត្តមាននៅប្រទេសកម្ពុជាតាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សក្រោមដំបូលសន្តិភាពនៅកម្ពុជា​ ដូច្នេះក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការតបស្នងសងគុណដល់សង្គមជាតិកម្ពុជា ដែលនេះក៏ជាមូលហេតុសំខាន់មួយដែលជំរុញឱ្យក្រុមហ៊ុនចូលរួមគាំទ្រនិងឧបត្ថម្ភដល់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ។

លោកបញ្ជាក់បន្ថែមថា ក្នុងនាមជាក្រុមហ៊ុនមួយដែលជ្រកក្រោមម្លប់សន្តិភាពនៅកម្ពុជា ក្រុមហ៊ុននឹងខិតខំឱ្យអស់លទ្ធភាពក្នុងការជំរុញការអភិវឌ្ឍលើវិស័យយានយន្តនិងកិច្ចការសប្បុរសធម៌នៅកម្ពុជា។

លោក Li Tao អគ្គនាយកអង្គភាពសារព័ត៌មាន Asia Union Times (AU T    imes) និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់និងដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍និងជាប្រធានក្រុមការងាររៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ កម្មវិធីប្រឡងលើកនេះកំពុងតែដំណើរការទៅដោយរលូន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងវគ្គជម្រុះបឋម ហើយនឹងឈានចូលវគ្គប្រឡងជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ។

លោកបន្ថែមថា ការប្រឡងលើកនេះទទួលបានការគាំទ្រនិងចាប់អារម្មណ៍យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានក្នុងសង្គម ជាពិសេសដូចជាក្រុមហ៊ុន Mingyang Guo Ji គ្រុបដែលជាសហគ្រាសប្រកបដោយទំនួលខុសត្រូវ ក្រុមហ៊ុនបានផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីប្រឡងលើកនេះ ដោយបានចូលរួមឧបត្ថម្ភរថយន្តម៉ាក HONGQI HS5 ចំនួន ១ គ្រឿងផងដែរ។

លោកសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម ផុស សុវណ្ណ យើងនឹងខិតខំឱ្យអស់លទ្ធភាពដើម្បីញ៉ាំងឱ្យកម្មវិធីប្រឡងសំនៀងនេះទទួលបានជោគជ័យជាមួយលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តម ផុស សុវណ្ណ បានថ្លែងថា ការទទួលបានការគាំទ្រនិងឧបត្ថម្ភពីវិស័យឯកជន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញឱ្យកម្មវិធីប្រឡងនេះឈានទៅរកភាពជោគជ័យប្រកបដោយគុណភាព ហើយវាក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់និងគាំទ្ររបស់វិស័យឯកជនចំពោះជនមានពិការភាពនៅកម្ពុជាផងដែរ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ មានប្រសាសន៍ថា រថយន្តម៉ាក HONGQI HS5 ដែលឧបត្ថម្ភដោយក្រុមហ៊ុន Mingyang Guo Ji គ្រុបពិតជាដើរតួសំខាន់ខ្លាំងណាស់សម្រាប់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ ព្រោះវានឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យកម្មវិធីអាចដំណើរទៅដោយរលូននិងទទួលបានជោគជ័យ។ លោកសង្ឃឹមថា ក្រុមការងារនឹងប្រើប្រាស់រថយន្តនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជាការឆ្លើយតបទៅម្ចាស់ឧបត្ថម្ភ។

លោកសង្ឃឹមយ៉ាងមុតមាំថា នឹងមានក្រុមហ៊ុន សហគ្រាសឯកជនជាច្រើនទៀតចូលរួមគាំទ្រនិងឧបត្ថម្ភដល់កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២នេះ។

កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី២ សម្រាប់ម្ចាស់ជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់ចំនួន ៥០ លានរៀល លេខ២ទទួលបាន ៣០ លានរៀល លេខ៣ទទួលបាន ២០ លានរៀល។ លេខ៤ លេខ៥ និង លេខ៦ ម្នាក់ៗទទួលបាន ១៥ លានរៀល។ ចំណែកអ្នកធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៦ នាក់ ម្នាក់ៗទទួលបាន ១២ លានរៀល។

បើតាមលោក Zhu Shuai បានឱ្យដឹងថា ក្រុមហ៊ុន Mingyang Guo Ji គ្រុបគឺជាសហគ្រាសផ្តល់សេវាកម្មរថយន្តចម្រុះមួយនៅកម្ពុជា ដែលដើរតួជាតំណាងចែកចាយរថយន្ត HONGQI និង Foton G7 ដែលសុទ្ធសឹងតែជារថយន្តម៉ាកល្បីរបស់ប្រទេសចិន។ ដើម្បីលើកកម្ពស់បទពិសោធន៍ប្រើប្រាស់រថយន្តនិងកាត់បន្ថយការចំណាយលើរថយន្តរបស់អតិថិជន ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានផលិតរថយន្តសម្រាប់បំពេញតម្រូវការអតិថិជនកម្ពុជាផ្ទាល់ ដោយផ្តល់នូវការធានាគុណភាពរយៈពេលយ៉ាងវែង គឺ ៥ ឆ្នាំឬស្មើនឹង ១៥ ម៉ឺនគីឡូម៉ែត្រ និងផ្តល់ជូននូវសេវាកម្មថែទាំរថយន្តដោយឥតគិតថ្លៃរយៈពេល ៤ ឆ្នាំឬស្មើនឹង ១០ ម៉ឺនគីឡូម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានសន្យាទិញរថយន្តម៉ាក HONGQI របស់អតិថិជនចូលក្រុមហ៊ុនវិញក្នុងតម្លៃខ្ពស់តាមទីផ្សារ ដើម្បីឱ្យអតិថិជនអាចទទួលបាននូវអត្ថប្រយោជន៍និងភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តម៉ាក HONGQI។

ដោយឡែក ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជានិងស្របតាមបរិបទការពារបរិស្ថាននិងសន្សំសំចៃថាមពលអន្តរជាតិ ក្រុមហ៊ុន Mingyang Guo Ji គ្រុបបានខិតខំនាំចូលនូវបច្ចេកវិទ្យាជឿនលឿន ដោយបានផលិតរថយន្តប្រើប្រាស់អគ្គិសនីម៉ាក EQM5 និង EHS9 ដែលជាប្រភេទរថយន្តអគ្គិសនីដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។

លោក Zhu Shuai បានគូសបញ្ជាក់ផងដែរថា នាទសវត្សរ៍ឆ្នាំ៦០ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹកនាំមេដឹកនាំនយោបាយនិងធុរកិច្ចកម្ពុជាទៅបំពេញទស្សនកិច្ចនៅរោងចក្រផលិតរថយន្ត HONGQI នាប្រទេសចិនដោយផ្ទាល់។ ក្នុងនាមយើងជាក្រុមហ៊ុនមួយដែលមានវត្តមាននៅកម្ពុជា យើងមានកាតព្វកិច្ចក្នុងការបន្តថែរក្សានិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិន។ ដោយសារកត្តាមិត្តភាពកម្ពុជា-ចិន គួបផ្សំនឹងគុណភាពរថយន្តគួរជាទីទុកចិត្ត បានធ្វើឱ្យរថយន្ត HONGQI ទទួលបានការស្វាគមន៍និងទុកចិត្តខ្ពស់ពីសំណាក់អតិថិជនកម្ពុជា វាក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីទំនាក់ទំនងមិត្តភាពដ៏ល្អនៃប្រទេសទាំងពីរផងដែរ៕

Most Popular

To Top